ចិន១៣នាក់ និងវៀតណាម៦នាក់ ប្រឈមជាប់ពន្ធគារអស់មួយជីវិត ជុំវិញការរៀបចំមជ្ឈមណ្ឌលឆបោកនៅកម្ពុជា
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញ បានសម្រេចចេញដីកាបង្ក្រាប់ឱ្យឃុំខ្លួនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ជនជាតិវៀតណាម៦នាក់ និងចិន១៣នាក់ ដែលក្រុមឧក្រិដជនទាំងអស់នេះ ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងការរៀបចំមជ្ឈមណ្ឌលឆបោកដ៏ធំមួយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...។

សំណុំរឿងទី១៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញ លោក សាន ប៊ុនធឿន បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិវៀតណាម៦នាក់ កាលពីថ្ងៃទី២០ ខែមិថុនារួមមាន៖១.ឈ្មោះ ង្វៀង ហ្ស័នត្រុង (Nguyen Xuan troung), ២.ឈ្មោះ ម៉ៃ វានប៊ីញ (Mai van binh), ៣.ឈ្មោះ ផាម ទុយគ័ង (Pham duy Quang), ៤.ឈ្មោះ ផាម ត្រុង គៀន (Pham troung kien), ៥.ឈ្មោះ ផាម ឌឹក ឌឹក (Pham duc duc), និង៦.ឈ្មោះ ត្រាន វាន់ដាត់ (Tran van dat)។ ជនជាតិវៀតណាមទាំង៦នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖«ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម និងមានការចាត់តាំង»។ បទល្មើសនេះ បានប្រព្រឹត្តឡើងនៅចំណុចអាគារលេខអូរឡាំព្យា C4 សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយប្រព្រឹត្តិបទល្មើសក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

សំណុំរឿងទី២៖ ចៅក្រមស៊ើបសួរ លោកព្រំ ម៉ូនីន បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិចិនចំនួន៨រូប រួមមាន៖ ទី១.ឈ្មោះ ហ័ង មីង លៀង (Hang ming Liang), ទី២.ឈ្មោះ ឈិន ហ្ស៊ាង (Chen xiang), ទី៣.ឈ្មោះ ហ្ស៊ូ គីវប៉េង (Xu qiu peng), ទី៤.ឈ្មោះ ឡាវ ជ័ងហៅ (liao changhao), ទី៥.ឈ្មោះ ឈិន គៀន (Chen qian), ទី៦.ឈ្មោះ ល័ង ជុនហ៊ួ (Liang Chun hua), ទី៧.ឈ្មោះ យ៉ាង យ័ន (Yang yuan), និងទី៨.ឈ្មោះ ចាង ចៀម៉ី (Zhang jia mei) ភេទស្រី។

ជនជាតិចិនទាំង៨នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោស ដោយមានការរៀបចំជាក្រុម មានការចាត់តាំង(ក្រោមរូប ភាពលួងលោមបោកបញ្ឆោត ដើម្បីអូសទាញជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៨ប បុរីអរម៉ូរីសែនសុខ ស្ថិតនៅផ្លូវលេខ៣ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងចំណុចបន្ទប់លេខ៨៤១៨ ជាន់ទី៤ សណ្ឋាគារ រ៉ូសហ្គាឌិន អ៊ិនធើណេសិនណល ស្ថិតនៅផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីអំឡុងដើមឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

សំណុំរឿងទី៣៖ ចៅក្រមស៊ើសួរ លោក សុខ ឧត្តម បានសម្រេចចោទប្រកាន់ជនជាតិចិន៥នាក់ រួមមាន៖ ទី១.ឈ្មោះ វិន ជៀន ហ្ស៊ូ (WEN JIAN ZU) ទី២.ឈ្មោះ ឈេន នៀនជៀន (CHEN NIANJIAN), ទី៣.ឈ្មោះ ឈីង ជុនកៃ (QIN JUNKAI), ទី៤.ឈ្មោះ អ៊ូ ហេង ជៀង (OU HENG JIANG ភេទប្រុស), និងទី៥.ឈ្មោះ ឈិង ប៉ាវទី (QIN BAO DE)។ ក្រុមនេះ ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ បុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្លូវណាត់ក្រឹត ផ្លូវលំក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ សរុបមក ជនត្រូវចោទទាំង១៩នាក់ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិ មាត្រា៥ កថាខណ្ឌ៣ ចំណុច១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខណៈបច្ចុប្បន្ន ជនជាប់ចោទត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២)។

សូមជម្រាបផងដែរថា យោងតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានអនុម័តកាលពីថ្ងៃទី៦ និងប្រកាសដាក់ឱ្យប្រើចាប់ពីថ្ងៃទី៧ខែខែមេសា ឆ្នាំ២០២៦មក ជនល្មើសនឹងច្បាប់នេះ ប្រឈមនឹងការជាប់ ពន្ធនាគារខ្ពស់បំផុត១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត