
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ម៉េស្ស៊ូត អូហ្សខេន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដោយបានលើកយកវិស័យសំខាន់ៗដូចជា សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងបរិស្ថាន...។

សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូតតួកគីថ្មី និងមានសេចក្ដីសោមនស្សរីករាយ ក៏ដូចជាពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេច ហ៊ុន ម៉ាណែត មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើន រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ឯកអគ្គរដ្ឋទូត ឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នា លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកម្ពុជា និងតួកគី។ លោកបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញពង្រឹង ពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ រីកចម្រើន និងស៊ីជម្រៅបន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិរបស់លោកនៅកម្ពុជា៕




