
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្ដល់ឥណទានសម្បទាន ឬកម្ចីសរុបជាទឹកប្រាក់ប្រមាណជាង១៦០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតី រាជធានីភ្នំពេញ។ នេះបើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ…។

ឯកសារស្តីពីការផ្ដល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជា អះអាងថា៖ «ឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនកម្ពុជា មានទឹកប្រាក់សរុប២៤ ២៣៧ លានយ៉េន ឬស្មើនឹងប្រមាណ១៦២,៧លានដុល្លារអាម៉េរិក ដែលជាកញ្ចប់ឥណទានទី៣»។ គម្រោងនេះមានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងបន្ថយការខូចខាតដោយគ្រោះទឹកជំនន់ រួមទាំងស្តារ កែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ។

កម្ពុជាចាត់ទុកការបន្តផ្តល់កម្ចីហិរញ្ញវត្ថុនេះ ថាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន៕




