កម្ពុជា-ជប៉ុន ចាប់ដៃគ្នាបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច Business Networking
S
Sreyleak Yith
10 មិថុនា 2026 12:07 PM

រាជធានីតូក្យូ៖ វិស័យឯកជនកម្ពុជា និងវិស័យឯកជនជប៉ុន កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នាបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) ដើម្បីផ្លាស់ប្ដូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក និងការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងពេលបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន លោកបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់កម្ពុជា-ជប៉ុន ក្រោមមូលបទ៖ «ឆ្ពោះទៅរកការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ត្រ»។ កិច្ចពិភាក្សានេះ ក្រុមហ៊ុនដែលបានចូលរួមទទួលបានឱកាសក្នុងការធ្វើបទបង្ហាញសង្ខេបពីវិស័យដែលខ្លួនចាប់អារម្មណ៍ សកម្មភាពធុរកិច្ចរំពឹងទុកនាពេលអនាគត ព្រមទាំងបញ្ហាគន្លឹះ ឬការពិចារណានានា ដែលពាក់ព័ន្ធនឹងការវិនិយោគ និងការអនុវត្តគម្រោង។

លើសពីនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ ចំគោលដៅ ដោយផ្អែកលើធាតុចូល និងចំណុចសក្តានុពលគន្លឹះរបស់ក្រុមហ៊ុនចូលរួមនីមួយៗ ដូចជា៖ ផែនការជាក់ស្តែងក្នុងការចូលមកកាន់ទីផ្សារ និងការបណ្តាក់ទុននៅកម្ពុជា,  យុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចរយៈពេលវែង, ចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអាទិភាព និងលទ្ធភាព និងចក្ខុវិស័យក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់ ឱ្យកាន់តែរីកចម្រើនខ្លាំង។ ក្នុងនោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងផ្ដល់ជូននូវព័ត៌មានជាក់លាក់ ស្របតាមតម្រូវការរបស់ក្រុមហ៊ុននីមួយៗ ក៏ដូចជាគាំទ្រផ្នែកប្រឹក្សាយោបល់ប្រកបដោយភាពកក់ក្ដៅ ដើម្បីសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងធានាដល់ភាពជោគជ័យ ចំពោះការចូលមកកាន់ទីផ្សារ ការពង្រីកទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនទាំងអស់ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត