តើរថក្រោះ Type 59-D របស់ចិនមានអ្វីពិសេស បានជាថៃស្លន់ស្លោក្រោយដឹងកម្ពុជាមាន..?
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីបណ្តាញសារព័ត៌មានថៃ ចុះផ្សាយពីការបញ្ជូនរថក្រោះប្រភេទ Type 59D ផលិតនៅប្រទេសចិន ត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា កាលពីពេលថ្មីៗ ធ្វើឱ្យថៃជ្រួលច្របល់ ទាំងដែលភាំគីកម្ពុជាមិនទាន់ធ្វើការធត្ថាធិប្បាយអ្វីឡើយ។ យ៉ាងណា បំណាច់ជាថៃជ្រួលច្របល់បែបនេះទៅហើយ ថ្ងៃនេះ SBM News នឹងលម្អិតអំពីប្រភេទរថក្រោះជើងចាស់ត្រកូល Type 59 ឱ្យទៅជា Type 59-D ឬ ZTZ-59D ដែលប្រទេសចិនបានធ្វើកំណែថ្មី ឱ្យខ្លាំងជាងមុន ដើម្បីឈរជើងប្រយុទ្ធនៅលើសមរភូមិសម័យទំនើប យ៉ាងមានប្រសិទ្ធភាព...។

រថក្រោះ Type 59D
រថក្រោះ Type 59D

ទោះបី រថក្រោះ Type 59-D មិនអាចយកទៅប្រជែងមួយទល់នឹងមួយជាមួយរថក្រោះប្រយុទ្ធឈានមុខជំនាន់ចុងក្រោយរបស់លោកខាងលិចក៏ដោយ ប៉ុន្តែ Type 59-D គឺជាដំណោះស្រាយដ៏មានឥទ្ធិពលសម្រាប់យោធានៅតំបន់អាស៊ី ដែលមានតម្រូវការពួកវាយកមកពង្រីកឃ្លាំងអាវុធប្រឆាំងនឹងសត្រូវឈ្លានពាន ហើយរថក្រោះប្រភេទ Type 59-D នេះ ក៏មិនមែនជារថក្រោះអេតចាយដែលត្រូវមើលរំលងវានោះដែរ។ ការវិវត្តដ៏លេចធ្លោបំផុត បានធ្វើឱ្យ Type 59-D ខុសប្លែកពីជំនាន់មុនៗ ពោលគឺការបំពាក់ប្រព័ន្ធគ្រប់គ្រងការបញ្ជាបាញ់ដោយកុំព្យូទ័រ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រត្រកូល Type 59 មិនមែនជារឿងសាមញ្ញទេ។ មិនសាមញ្ញ ក៏ព្រោះតែវាត្រូវបានពង្រឹងខែលការពារខ្លួនយ៉ាងក្រាស់ឃ្មឹក ដោយផ្នែកខាងលើនៃតួខ្លួន អាចទប់ទល់នឹងគ្រាប់រ៉ុក្កែត និងអាវុធប្រឆាំងរថក្រោះបាន។ មែនទែនទៅ វាត្រូវបានរចនាស្រដៀងនឹងរថក្រោះ T-55 ជំនាន់ថ្មីរបស់រុស្ស៊ី ប៉ុន្តែបើធៀបនឹងរថក្រោះ T-72 វាហាក់នៅចាញ់ប្រៀបបន្តិចបន្តួច។

<br />

ចំពោះកម្លាំងវាយប្រហាររបស់រថក្រោះ Type 59-D ត្រូវបានកែច្នៃឡើងវិញទាំងស្រុង ដោយប្រើប្រាស់កាំភ្លើងធំ ចង្អូរទំហំ១០៥មិលីម៉ែត្រ ម៉ូដែល Type 83A និង Type 79។ គួរកត់សម្គាល់ថា ម៉ូដែល Type 83A មានប្រភពដើមចេញពីកាំភ្លើង L7 ដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស មានរន្ធគ្រាប់វែង និងមានប្រព័ន្ធទប់លំនឹង ទោះជាត្រូវបញ្ចូលគ្រាប់ដោយដៃក៏ដោយ។ កាំភ្លើងធំនេះ អាចបាញ់គ្រាប់ស្ដង់ដារបាន៣ប្រភេទ ដូចជា៖ គ្រាប់ទម្លុះរថក្រោះ, គ្រាប់ប្រឆាំងរថក្រោះ ដែលមានកម្តៅក្ដៅខ្លាំង, និងគ្រាប់បែកផ្ទុះបំណែក។ តាមរយៈការបំពាក់ប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងការបាញ់ Type 37 AI, ប្រព័ន្ធឆ្លុះមើលកម្តៅ និងប្រព័ន្ធវាស់ចម្ងាយដោយឡាស៊ែរ, របាយការណ៍យោធាបានបង្ហាញថា Type 59-D ថែមទាំងមានសមត្ថភាពបាញ់មីស៊ីលនាំផ្លូវ បានថែមទៀតផង។

រថក្រោះ Type 59
រថក្រោះ Type 59

លើសពីនេះ ប្រព័ន្ធមើលឃើញពេលយប់ ក៏ត្រូវបានបំពាក់សម្រាប់ទាំងមេបញ្ជាការ អ្នកបាញ់ និងអ្នកបើកបរផងដែរ ដែលធ្វើឱ្យរថក្រោះនេះអាចវាយឆ្មក់សត្រូវក្នុងទីងងឹតបាន ប្រៀបបាននឹងទីទុយចេញប្រមាញ់ចំណីនាពេលរាត្រី។ គួរបញ្ជាក់ថា ចាប់តាំងពីការកែច្នៃក្នុងឆ្នាំ១៩៩៥ មក កងទ័ពចិន បានធ្វើទំនើបកម្មរថក្រោះ Type 59 ចំនួនជាង៥៥០គ្រឿង ឱ្យទៅជាស្ដង់ដារ Type 59-D វិញ។ តែទោះជាយ៉ាងណា ចំពោះដំណឹងលើកឡើងខាងលើរបស់សារព័ត៌មានថៃនេះ មិនទាន់យកជាផ្លូវការនៅឡើយទេ ថា កម្ពុជាពិតជាទទួលបានរថក្រោះ Type 59-D នេះមែនឬយ៉ាងណា ដ្បិតភាគីកម្ពុជាមិនបានឆ្លើយតប ចំពោះការលើកឡើងរបស់សារព័ត៌មានថៃ ដូចពេលមុនៗឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត