បន្ទាប់ពីឥណ្ឌា ប្រធានាធិបតីមីយ៉ាន់ម៉ា បន្តទៅទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងហើយ នៅថ្ងៃទី១៥មិថុនានេះ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក មីន អ៊ុងឡាំង ទៅកាន់ប្រទេសចិន ចាប់តាំងពីលោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីមក។

លោក មីន អ៊ុងឡាំង និងលោក ស៊ី ជីនពីង
លោក មីន អ៊ុងឡាំង និងលោក ស៊ី ជីនពីង

លោក មីន អ៊ុងឡាំង វ័យ៦៩ឆ្នាំ ជាអតីតមេទ័ពកំពូលដែលដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ រហូតរុញច្រានមីយ៉ាន់ម៉ាឱ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល និងរងទណ្ឌកម្មអន្តរជាតិជាច្រើននោះ ត្រូវបានសភាបោះឆ្នោតតែងតាំងជាប្រធានាធិបតី កាលពីដើមខែមេសាកន្លងទៅ។ ការផ្លាស់ប្ដូរតួនាទីពីមេទ័ពកំពូល មកជាប្រធានាធិបតីនេះ គឺធ្វើឱ្យអំណាចរបស់លោកស្របច្បាប់ បន្ទាប់ពីរដ្ឋប្រហារបានបញ្ចប់លទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យវិនិយោគិនបរទេសរត់ចោលទីផ្សារមីយ៉ាន់ម៉ា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង នឹងចូលជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង រួមទាំងថ្នាក់ដឹកនាំចិន២រូបទៀត គឺលោក លី ឈៀង (Li Qiang) ជានាយករដ្ឋមន្ត្រី និងលោក ចាវ ឡឺជី (Zhao Leji) ជាប្រធានសភា។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសទាំងពីរតែងតែឈរប្រកៀកស្នាគ្នានៅគ្រប់កាលៈទេសៈទាំងអស់។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនមិនមែនជាប្រទេសដំបូងឡើយដែលលោក មីន អ៊ុងឡាំង បានទៅបំពេញទស្សនកិច្ចក្នុងនាមជាប្រធានាធិបតី។ កាលពីចុងខែឧសភាកន្លងទៅ អតីតមេបញ្ជាការយោធារូបនេះ ទើបនឹងបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយពិភពលោក បន្ទាប់ពីនៅឯកោ ដោយសារទណ្ឌកម្មអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ៕

លោក មីន អ៊ុងឡាំង(ឆ្វេង) និងលោក ណារិនដ្រា ម៉ូឌី
លោក មីន អ៊ុងឡាំង(ឆ្វេង) និងលោក ណារិនដ្រា ម៉ូឌី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត