
រាជធានីភ្នំពេញ៖ ស្របពេលជាតិមាតុភូមិកំពុងស្ថិតក្នុងដំណាក់កាលនៃការគំរាមកំហែង និងប្រឈមនឹងការឈ្លានពានពីសំណាក់ខ្មាំងសត្រូវលួចទឹកដី រឿងដ៏គួរឱ្យមោទកភាព និងជាទីសាទរបំផុតមួយបានលេចឡើង។ នោះគឺភាពជោគជ័យដ៏ត្រចះត្រចង់របស់ទាហានឆ្នើមកម្ពុជា៤រូប ដែលបានតស៊ូក្រេបជញ្ជក់ចំណេះដឹង និងជំនាញរហូតទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតយោធាជំនាន់ទី៩៩ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា (Mozhaisky Military Space Academy) នាទីក្រុងសាន់ពីទ័រស្បឺក (Saint Petersburg) នៃប្រទេសរុស្ស៊ី បន្ទាប់ពីបានឆ្លងកាត់ការសិក្សាយ៉ាងស្វិតស្វាញអស់រយៈពេល៦ឆ្នាំពេញ។ នេះបើយោងតាមការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់បណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការបង្ហោះរបស់គណនីខាងលើ បញ្ជាក់ថា៖«សូមចូលរួមអបអរសាទរដល់នាយទាហានកម្ពុជា៤រូប នៃបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា ទីក្រុងសាន់ពីទ័រស្បឺក សហព័ន្ធរុស្ស៊ី (មហាវិទ្យាល័យភូមិសាស្ត្រយោធា) ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា(វិស្វករជំនាញ) ជំនាន់ទី៩៩ ដោយជោគជ័យរយៈពេល ៦ឆ្នាំ។ លោកអនុសេនីយ៍ទោ រាជ វីរៈវង្ស ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ, លោកអនុសេនីយ៍ទោ ខន ឧត្ដម ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ, លោកអនុសេនីយ៍ទោ ឃួន រដ្ឋា ជំនាញថតដ្រូនពីលេីអាកាស, លោកអនុសេនីយ៍ទោ ឥន្ទ សុផែន ជំនាញថតដ្រូនពីលេីអាកាស។ នេះជាសមិទ្ធផលថ្មី ក៏ដូចជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងទាំងមូល»។ «សូមជូនពរដល់នាយទាហានទាំង៤រូប មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ នឹងបន្តទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចការពារជាតិ បម្រើជាតិមាតុភូមិយើងទៅថ្ងៃអនាគត» នេះបើយោងតាមការបង្ហោះចេញពីគណនីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា។

ទន្ទឹមគ្នា យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកអនុសេនីយ៍ទោ រាជ វីរៈវង្ស ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ ដែលមានឈ្មោះថា «Reach VireakVong» បានបង្ហោះសាររៀបរាប់ទាំងសេចក្តីរំភើបរីករាយ នាថ្ងៃទី១២ ខែមិថុនាថា៖«ថ្ងៃនេះជាថ្ងៃពិសេស ថ្ងៃទទួលសញ្ញាប័ត្រ (ថ្នាក់អនុបណ្ឌិតយោធា)របស់ខ្ញុំរយៈពេល៦ឆ្នាំ ការខិតខំប្រឹងប្រែង តស៊ូ លំបាក ហត់នឿយ រហូតដល់បញ្ចប់ការសិក្សា ជាដំបូង ខ្ញុំសូមអរគុណដល់ប៉ាម៉ាក់ អ៊ុំពូមីង បងប្អូនទាំងអស់គ្នាដែលជាកម្លាំងចិត្តជំរុញឱ្យខ្ញុំខិតខំប្រឹងប្រែងរហូតដល់ថ្ងៃបញ្ចប់ការសិក្សានៃសាលាបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា ទីក្រុងសាន់ពីទ័រស្បឺក នៃសហព័ន្ធរុស្ស៊ី បានដោយជោគជ័យ»។ សូមជម្រាបថា ជំនាញថតដ្រូនពីលើអាកាស ផ្តោតលើការត្រួតពិនិត្យ ថតវីដេអូ រូបភាព ដើម្បីស៊ើបការណ៍ពីចលនាទ័ពសត្រូវ, ការវិភាគទិន្នន័យភូមិសាស្ត្រ, ការគ្រប់គ្រងប្រព័ន្ធបញ្ជាហោះហើរ និងការកែច្នៃទិន្នន័យ ដើម្បីវាយប្រហារចំគោលដៅ។ ចំណែក ជំនាញផែនទីព័ត៌មានភូមិសាស្ត្រ (GIS) គឺជាការរួមបញ្ចូលគ្នារវាង IT និងភូមិសាស្ត្រ ដើម្បីប្រមូល វិភាគ និងបង្កើតផែនទីឌីជីថល ជាក់លាក់។ នៅក្នុងន័យយោធា វាជាឧបករណ៍បញ្ជាដកថយ ឬវាយលុក និងដោះស្រាយបញ្ហាជាក់ស្តែង នៅលើសមរភូមិបានភ្លាមៗ។

គួរជម្រាបថា ការបញ្ចប់ការសិក្សារបស់លោកអនុសេនីយ៍ទោទាំង៤រូប គឺជាសមិទ្ធផលថ្មីដ៏ត្រជះត្រចង់ និងជាធនធានដ៏កម្រ សម្រាប់យោធាកម្ពុជា។ ស្របពេលមាតុភូមិកំពុងរងការគំរាមកំហែង និងការឈ្លានពាន វត្តមានរបស់វិស្វករយោធាអវកាសទាំង ៤រូប នឹងជួយកម្ពុជាក្នុងការបង្កើនសមត្ថភាពការពារបូរណភាពទឹកដីឱ្យកាន់តែរឹងមាំ៕






