គ្មានយន្តហោះចម្បាំងទំនើប តែកម្ពុជាអាចពិចារណាទិញប្រព័ន្ធការពារដែនអាកាសចល័តស្ពាយលើស្មាទាំង៥នេះ ទុកការពារខ្លួន
ហៀប ស៊ីថេត
2 ម៉ោងមុន

បទបរិយាយ៖ នៅក្នុងទ្រឹស្តីយោធាសម័យទំនើប ប្រព័ន្ធការពារដែនអាកាសគឺជាកំពែងការពារជាតិដែលមិនអាចខ្វះបាន និងជារនាំងមេឃ ដើម្បីសម្រេចជោគវាសនានៃជាតិមាតុភូមិ។ កំឡុងពេលឈ្លានពានកម្ពុជា យោធាថៃមិនត្រឹមតែប្រើកាំភ្លើងដៃ កាំភ្លើងធំ គ្រាប់បែក រថក្រោះ និងរថពាសដែកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលវីរកងទ័ពកម្ពុជាមិនអាចប្រជែងបាន នោះគឺឧត្តមភាពយោធាដែនអាកាស ដោយយោធាថៃឈ្លានពាន បានប្រើបក្សីចម្បាំងជាច្រើនប្រភេទខ្ជាក់ទម្លាក់គ្រាប់បែកដូចភ្លៀងរលឹមលើទីតាំងស៊ីវិលកម្ពុជា ជាពិសេស គឺបច្ចេកវិទ្យាដ្រូនស៊ើបការណ៍ និងដ្រូនវាយប្រហារតែម្តង។ យ៉ាងណា យោធាថៃ ទំនងជាមិនបាត់មហិច្ឆតាលេបត្របាក់ទឹកដីកម្ពុជានៅឡើយទេ ខណៈពួកគេកំពុងធ្វើទំបើបកម្មយោធាយ៉ាងសស្រាក់សស្រាំ ដោយផ្តោតខ្លាំងលើបច្ចេកវិទ្យាដ្រូន។ សម្រាប់កម្ពុជា ជាប្រទេសមានការអភិវឌ្ឍតិចតួច ទំហំសេដ្ឋកិច្ចតូច ហើយថវិកាការពារជាតិក៏នៅមានកម្រិត ដូច្នេះ មិនអាចប្រកួតប្រជែងលើចំនួនយន្តហោះចម្បាំង ឬប្រព័ន្ធរ៉ាដាខ្នាតយក្សបានឡើយ...។

ថ្វីបើយ៉ាងនេះក្តី ក្នុងកាលៈទេសៈបន្ទាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា គួរងាកមកប្រើប្រាស់ប្រព័ន្ធការពារអាកាសចល័តស្ពាយស្មា (ឬ MANPADS) គឺជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបាញ់កម្ទេចហ្វូងដ្រូន និងឧត្ថម្ភាចក្ររបស់ខ្មាំងសត្រូវ។ តើអ្វីទៅជា MANPADS ឬប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មា...? តាមពិតទៅ ប្រព័ន្ធការពារអាកាសចល័តស្ពាយស្មា គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស ដែលត្រូវបានរចនាឡើង ដើម្បីបាញ់កម្ទេចយន្តហោះដែលហោះទាបៗ និងយន្តហោះស៊ើបការណ៍។ មិនត្រូវការគ្នា ត្រូវការតែទាហានម្នាក់ ឬ២នាក់ប៉ុណ្ណោះ ដើម្បីដាក់មីស៊ីលស្ពាយលើស្មាបាញ់កម្ទេចគោលដៅយន្តហោះដែលហោះយឺតៗត្រឹមចម្ងាយ២ ឬ៣គីឡូម៉ែត្រ ដូចជា ឧត្ថម្ភាគចក្រ និងដ្រូនរបស់សត្រូវ។ ប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មាមានតម្លៃថោក ស្រាល និងស្រួលចល័ត។

ថ្ងៃនេះ SBM News នឹងរៀបរាប់ពីកំពូលប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មាទាំង៥ប្រភេទ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការបញ្ជាទិញ ដើម្បីត្រៀមទប់ទល់ខ្មាំងសត្រូវ។ ជម្រើសទី៥ គឺពស់វែកលាក់់ខ្លួន 9K333 Verba របស់រុស្ស៊ី៖ ប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មា 9K333 Verba គឺជាអ្នកបន្តវេន Igla-S ពីជំនាន់អតីតសហភាពសូវៀត។ ប្រព័ន្ធការពារដែនអាកាសចល័តលើស្មាមួយប្រភេទនេះ បានប្រឡូកក្នុងសមរភូមិសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៥។ វាត្រូវបានគេផ្តល់កំណើតឡើង ដើម្បីបាញ់កម្ទេចយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ ដ្រូន និងមីស៊ីលតម្រង់ទិស នៅរយៈកម្ពស់៣,៥គីឡូម៉ែត្រ។ វាមានទម្ងន់សរុបប្រហែល១៧គីឡូក្រាម ស្រួលប្រើប្រាស់ និងងាយចល័តខ្លាំងណាស់។ មីស៊ីលរបស់វាអាចហោះក្នុងល្បឿនជាអតិបរមា៤០០ម៉ែត្រក្នុងមួយវិនាទី និងអាចបាញ់បានចម្ងាយរហូតដល់ ៦,៥គីឡូម៉ែត្រ។ វាត្រូវបានបំពាក់នូវឧបករណ៍ស្វែងរកគោលដៅអកម្ម ៣ទម្រង់ ដែលនេះមានន័យថា វាអាចព្រួសមីស៊ីលមានក្បាលគ្រាប់ទម្ងន់២​,៥គីឡូក្រាម ទៅកម្ទេចគោលដៅពីមុខ ពីក្រោយ ឬពីចំហៀង។ ដូចនេះ វាជាប្រព័ន្ធការពារដែនអាកាសចល័តដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងបញ្ជាទិញ។

ពស់វែកលាក់់ខ្លួន 9K333 Verba របស់រុស្ស៊ី  
ពស់វែកលាក់់ខ្លួន 9K333 Verba របស់រុស្ស៊ី  

ងាកចេញពី 9K333 Verba យើងក្រឡេកទៅមើលជម្រើសទី៤វិញម្តង នោះគឺ រន្ទះពិឃាតព្យូរូន (Piorun) របស់ប៉ូឡូញ៖ វាជាប្រព័ន្ធការពារដែនអាកាសចល័តស្ពាយលើស្មា ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចគោលដៅតូចៗ ដែលរ៉ាដាពិបាកចាប់សញ្ញា ដូចជាយន្តហោះហោះទាបៗ ឧទ្ធម្ភាគចក្រ និងដ្រូន។ ព្យូរូន អាចបំពាក់ក្បាលគ្រាប់បំបែកកម្ទេចទម្ងន់១,៨គីឡូក្រាម។ ក្នុងនាមអាវុធដែលទើបតែចាប់កំណើតថ្មី វាមានទម្ងន់សរុប១៦គីឡូក្រាម និងអាចបាញ់បានចម្ងាយរហូតដល់៦,៥គីឡូម៉ែត្រ។ ជាមួយនឹងប្រវែង១,៦ម៉ែត្រ ព្យូរូន គឺជាប្រព័ន្ធការពារដែនអាកាសចល័តកម្រិតខ្ពស់ អាចដឹកជញ្ជូន និងបញ្ជាដោយទាហានតែម្នាក់ប៉ុណ្ណោះ។ នៅពេលបាញ់ចេញ មីស៊ីលប្រើប្រាស់ប្រព័ន្ធនាំផ្លូវស្វែងរកគោលដៅ ហើយហោះលឿនជាងសំលេងរហូតដល់២ដង ទៅកម្ទេចឧទ្ធម្ភាគចក្រ និងដ្រូនរបស់របស់ខ្មាំងសត្រូវ បានយ៉ាងមានប្រសិទ្ធភាព។

រន្ទះពិឃាតព្យូរូន(Piorun) របស់ប៉ូឡូញ  
រន្ទះពិឃាតព្យូរូន(Piorun) របស់ប៉ូឡូញ  

ជម្រើសទី៣ គឺឱម៉ាល់ពិឃាត FIM-92 Stinger របស់សហរដ្ឋអាមេរិក៖ FIM-92 Stinger បានប្រលូកចូលក្នុងសមរភូមិជាក់ស្តែងក្នុងឆ្នាំ១៩៨១។ វាត្រូវបានផ្តល់កំណើតឡើងដើម្បីកម្ទេចយន្តហោះទាបៗ ឧទ្ធម្ភាគចក្រ មីស៊ីលតម្រង់ទិស និងដ្រូន។ ជាការពិតណាស់ ប្រទេសជាច្រើនជុំវិញពិភពលោកកំពុងប្រើប្រាស់អាវុធត្រកូល Stinger នេះ ហើយវាគឺជាប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មា ដែលឆ្លងកាត់សមរភូមិពិតប្រាកដយ៉ាងជោគជាំ។ វាមានទម្ងន់ប្រហែល១៥គីឡូក្រាម ងាយស្រួលស្ពាយតាមខ្លួន និងស្មា។ មីស៊ីលនៅក្នុងបំពង់របស់វាអាចហោះក្នុងល្បឿនលឿនជាងសមឡេង២,២ដង និងអាចកម្ទេចគោលដៅ ដែលកំពុងហោះហើរក្នុងកម្ពស់រហូតដល់៣,៥គីឡូម៉ែត្រ ហើយវាអាចបាញ់បានចម្ងាយជាអតិបរិមាដល់ទៅ៨គីឡូម៉ែត្រ។ ក្បាលគ្រាប់បំបែករបស់វាមានជាតិផ្ទុះខ្លាំង ទម្ងន់៣គីឡូក្រាម។ វាអាចកម្ទេចគោលដៅ ដែលមានការបំផ្លិចបំផ្លាញខ្លាំង ប្រើប្រាស់បានយូរ និងថ្លៃថែទាំទាបបំផុត។ ដូច្នេះ ឱម៉ាល់ពិឃាត FIM-92 Stinger គឺជាប្រព័ន្ធការពារដែនអាកាសដ៏សក្តិសម បំផុតសម្រាប់យោធាកម្ពុជា។

ឱម៉ាល់ពិឃាត FIM-92 Stinger
ឱម៉ាល់ពិឃាត FIM-92 Stinger

ជម្រើសដ៏សក្តិសមលំដាប់ទី២ គឺព្យុះកំបុតត្បូងមីស្ដ្រាល់(Mistral) របស់ប្រទេសបារាំង៖ មីស្ដ្រាល់ គឺជាប្រព័ន្ធការពារអាកាសរយៈចម្ងាយខ្លី ដែលអាចដំឡើងលើរថយន្តប្រយុទ្ធក៏បាន ឬប្រើប្រាស់ជាប្រព័ន្ធចល័តស្ពាយលើស្មាក៏បាន។ វាបំពាក់ដោយបំពង់ផ្ទុកមីស៊ីល ឧបករណ៍ចាប់សញ្ញា អាចកំណត់គោលដៅថាជា«មិត្ត ឬសត្រូវ» និងមានជើងទម្រ៣ រួមជាមួយឧបករណ៍ឆ្លុះគោលដៅដ៏កម្រ។ ប្រព័ន្ធនេះមានទម្ងន់ស្រាល និងចល័តបានស្រួល ដោយមានទម្ងន់សរុបត្រឹមតែជាង១៩គីឡូក្រាមប៉ុណ្ណោះ។ មីស៊ីលរបស់វា អាចរត់បានក្នុងល្បឿនលឿនជាងសំឡេង២,៧ដង និងអាចបាញ់បានចម្ងាយបាញ់ជាង៧គីឡូម៉ែត្រ។ មីស្ដ្រាល់ មានសមត្ថភាពបត់បែនខ្ពស់ ទោះបីជាកំពុងហោះក្នុងល្បឿនលឿនក៏ដោយ។ មីស៊ីលនៅក្នុងបំពង់មានក្បាលគ្រាប់ទម្ងន់ ៣គីឡូក្រាម ហើយមានអត្រាបាញ់កម្ទេចគោលដៅដោយជោគជ័យរហូតដល់ ៩៧ភាគរយ ធ្វើឱ្យវាក្លាយជាប្រព័ន្ធមីស៊ីលការពារអាកាសគួរឱ្យទុកចិត្តបំផុតនាពេលបច្ចុប្បន្ន។ វាត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើន ហើយថែមទាំងត្រូវបានគេធ្វើទំនើបកម្ម ប្រើលើនាវាចម្បាំង និងប្រព័ន្ធបាញ់ពីអាកាសទៅអាកាសថែមទៀតផង។

ព្យុះកំបុតត្បូងមីស្ដ្រាល់(Mistral) របស់ប្រទេសបារាំង  
ព្យុះកំបុតត្បូងមីស្ដ្រាល់(Mistral) របស់ប្រទេសបារាំង  

ជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជា ក្នុងការប្រឆាំងដ្រូនសត្រូវឈ្លានពាននោះ គឺ ផ្កាយដុះកន្ទុយស្តារស្ត្រីក(Starstreak) របស់ចក្រភពអង់គ្លេស៖ វាត្រូវបានចាប់កំណើតឡើងលើទឹកដីនៃចក្រភពអង់គ្លេស នាឆ្នាំ១៩៨០។ វាត្រូវបានរចនាក្បាលគ្រាប់ប្លែកខុសពីធម្មតា! ខុសពីធម្មតា ក៏នៅត្រង់ថា វាមានផ្ទុកគ្រាប់ផ្ទុះចំនួន៣គ្រាប់ (ដែលមានសណ្ឋានដូចព្រួញ)។ ស្តារស្ទ្រីក ជាប្រព័ន្ធមីស៊ីលការពារអាកាសចម្ងាយខ្លី នាំផ្លូវដោយកាំរស្មីឡាស៊ែរ ដោយគ្មានប្រព័ន្ធអេឡិចត្រូនិកណាមួយអាចបង្អាក់ដំណើរវាបានឡើយ។ ដោយសារតែការនាំផ្លូវដោយកាំរស្មីឡាស៊ែរនេះហើយ ទើបលទ្ធភាពកម្ទេចគោលដៅ មានអត្រាខ្ពស់បំផុត។ ជាទូទៅ វាត្រូវបានគេដំឡើងនៅលើរថយន្តចម្បាំង ប៉ុន្តែវាក៏អាចស្ពាយលើស្មា និងងាយស្រួលចល័តដោយមនុស្សផងដែរ ព្រោះមានទម្ងន់សរុបត្រឹមតែ ១៤គីឡូក្រាមប៉ុណ្ណោះ និងប្រវែងប្រហែល១,៤ម៉ែត្រ។ មីស៊ីលស្តារស្ទ្រីក ត្រូវបានគេទទួលស្គាល់ថា ជាមីស៊ីបាញ់ពីដីទៅអាកាសលឿនបំផុតក្នុងលោក ពោលគឺលឿនជាងសំឡេងរហូតដល់៤ដង និងអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយជាង៧គីឡូម៉ែត្រ។ វាមិនត្រឹមតែជាចម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជាទេ ប៉ុន្តែវាក៏ជាប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មាដ៏មានប្រសិទ្ធភាពបំផុត នាពេលបច្ចុប្បន្ន។

ផ្កាយដុះកន្ទុយស្តារស្ត្រីក(Starstreak) របស់ចក្រភពអង់គ្លេស  
ផ្កាយដុះកន្ទុយស្តារស្ត្រីក(Starstreak) របស់ចក្រភពអង់គ្លេស  

សូមបញ្ជាក់ថា នៅក្នុងសមរភូមិសង្គ្រាមសម័យទំនើប ដ្រូន និងបច្ចេកវិទ្យាដែនអាកាសគឺជាការកំណត់វាសនាចាញ់ឈ្នះនៃសង្គ្រាម ប៉ុន្តែយ៉ាងណា ការពង្រឹងខែលការពារដែនអាកាស គឺជាកិច្ចការចម្បង ដែលកម្ពុជាមិនអាចមើលរំលងបានឡើយ។ ថ្វីបើកម្ពុជាមិនមែនជាប្រទេសមហាអំណាចសេដ្ឋកិច្ច ឬមានយន្តហោះចម្បាំងទំនើបៗដូចគេ ប៉ុន្តែយុទ្ធសាស្ត្រតាមរយៈការបំពាក់ប្រព័ន្ធការពារអាកាសចល័តស្ពាយលើស្មាទាំង៥ប្រភេទខាងលើ គឺជាយុទ្ធសាស្ត្រការពារជាតិដ៏សក្តិសមបំផុត ដែលរាជរដ្ឋាភិបាលគួរពិចារណា អាវុធខ្នាតតូចមានតម្លៃសមរម្យ តែសាហាវៗទាំងនេះ នឹងធ្វើឱ្យខ្មាំងសត្រូវពិចារណមិនក្រោម១០ដងទេ មុនសម្រេចចិត្តប្រើដ្រូន និងយន្តហោះចម្បាំងមកឈ្លានពានកម្ពុជាសាជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត