ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រទានព្រះរាជសារដល់ព្រះមហាក្សត្រអង់គ្លេសវិញ
Mao Sopha
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ព្រះ​ករុណា ព្រះបាទ​ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារដល់ព្រះមហាក្សត្រឆាលទី៣នៃចក្រភពអង់គ្លេសវិញ។ នាពេលកន្លងមក ព្រះមហាក្សត្រចក្រភពអង់គ្លេស ទ្រង់បានប្រទានព្រះរាជសារដល់ព្រះមហាក្សត្រកម្ពុជា បន្ទាប់ពីទ្រង់ទទួលដំណឹងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរោគ និងកំពុងគង់ប្រថាប់ព្យាបាលនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ តាមរយៈព្រះរាជសារ ព្រះមហាក្សត្រចក្រភពអង់គ្លេស ទ្រង់ថ្វាយព្រះពរឱ្យព្រះមហាក្សត្រកម្ពុជាទ្រង់ឆាប់បានជាសះស្បើយ។

មកដល់ពេលនេះ ព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានភាពល្អប្រសើរហើយ តែទ្រង់ និងព្រះវររាជមាតា នៅបន្តគង់ប្រថាប់ក្នុងរដ្ឋធានីប៉េកាំង ដើម្បីតាមដាន និងពិនិត្យព្រះរាជសុខភាពបន្តទៀត។ ក្នុងព្រះរាជសារចុះកាលបរិច្ឆេទនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យរំភើបជាពន់ពេក ដែលទ្រង់ទទួលបានព្រះរាជសារពីព្រះមហាក្សត្រចក្រភពអង់គ្លេស។

ព្រះចៅក្រុងកម្ពុជា ទ្រង់មានព្រះរាជបន្ទូលទៀតថា ព្រះរាជសាររបស់ព្រះមហាក្សត្រឆាល បាននាំមកនូវភាពកក់ក្តៅយ៉ាងក្រៃលែងដល់ព្រះអង្គ និងជួយឱ្យព្រះអង្គមានភាពធូរស្បើយក្នុងអំឡុងព្យាបាលព្រះរោគ។ ឃ្លាខាងក្រោមបង្អស់នៃព្រះរាជសារ ព្រះមហាក្សត្រកម្ពុជា ទ្រង់បានថ្វាយព្រះពរដល់ព្រះមហាក្សត្រចក្រភពអង់គ្លេសវិញ សូមឱ្យទ្រង់មានព្រះរាជសុខភាពល្អបរិបូរ និងវិបុលសុខគ្រប់ប្រការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត