
ក្រុងសៀមរាប៖ ការប្រារព្ធទិវាយោគៈអន្តរជាតិ (ឬយ៉ូហ្កាអន្តរជាតិ) នៅក្នុងប្រទេសកម្ពុជា គឺជាការចូលរួមលើកកម្ពស់គុណប្រយោជន៍សុខភាព និងជាការជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់អន្តរជាតិ។

ទិវាយោគៈអន្តរជាតិលើកទី១២ ក្រោមប្រធានបទ «យោគៈសម្រាប់សុខភាពវ័យចាស់» ធ្វើឡើងនៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយក្រសួងវប្បធម៌ ក្រសួងអប់រំ រដ្ឋបាលខេត្តសៀមរាប និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ មិនមែនត្រឹមតែបានចូលរួមលើកកម្ពស់គុណប្រយោជន៍សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅអន្តរជាតិទៀតផង។ លោក បន្តថា ជាពិសេស ព្រឹត្តិការណ៍នេះបានរួមចំណែកផ្សព្វផ្សាយផលិតផលទេសចរណ៍សុខុមាលភាព ស្របពេលម្ពុជាកំពុងអភិវឌ្ឍ និងលើកកម្ពស់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកំពុងស្វែងរកការសម្រាកលំហែកាយ ការថែទាំសុខភាព និងតុល្យភាពផ្លូវចិត្ត។

លោក វ៉ាន់ឡាល់ វ៉ាវណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា យោគៈ (ឬយ៉ូហ្កា) ដែលមានប្រភពកំណើតពីប្រទេសឥណ្ឌាតាំងពីបុរាណ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក និងទទួលបានការគាំទ្រពីប្រទេសចំនួន១៧៧ ក្នុងការប្រកាសទទួលស្គាល់ថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ តាមរយៈកិច្ចសហការរៀបចំទិវាយោគៈអន្តរជាតិលើកទី១២ដ៏មានសារសំខាន់នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ពាណិជ្ជកម្ម រួមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

សូមជម្រាបថា កម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥មក ហើយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្សព្វផ្សាយការអនុវត្តយោគៈ និងរបៀបរស់នៅប្រកបដោយសុខភាពល្អនៅកម្ពុជា៕






