«រាត្រីកម្ពុជា»នៃមហាសន្និបាត WAGGGS បន្សល់ទុកអនុស្សាវរីយ៍ល្អៗ ដល់មិត្តអន្តរជាតិនាំត្រឡប់ទៅមាតុភូមិវិញ
អុន សម្ផស្ស
9 ម៉ោងមុន

ក្រុងសៀមរាប៖ ក្នុងនាមជាម្ចាស់ផ្ទះដែលបានរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំប្រចាំឆ្នាំ២០២៦ នោះគឺ«មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២» ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា មានប្រសាសន៍ថា កម្ពុជា បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ និងមិត្តភាពដ៏ជ្រាលជ្រៅបំផុត ដល់មិត្តអន្តរជាតិដែលបានយាង និងអញ្ជើញមកចូលរួមដោយផ្ទាល់...។

កម្មវិធី «រាត្រីកម្ពុជា» នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។   
កម្មវិធី «រាត្រីកម្ពុជា» នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។   

តាមរយៈកម្មវិធី «រាត្រីកម្ពុជា» ដែលរៀបចំឡើងក្នុងឱកាសនៃព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ប្រតិភូជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោក បានកោតសរសើរចំពោះការធ្វើបដិសណ្ឋារកិច្ច ការបង្ហាញអំពីទម្រង់សិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ និងការផ្ដល់ភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជា។ «រាត្រីកម្ពុជា» ផ្តល់ឱ្យភ្ញៀវអន្តរជាតិទាំងអស់ ទទួលបានបទពិសោធដ៏មានអត្ថន័យ តាមរយៈការស្វែងយល់អំពីអរិយធម៌ខ្មែរ វប្បធម៌ប្រពៃណីដ៏សម្បូរបែប ការភ្លក្សរសជាតិម្ហូបអាហារខ្មែរដ៏ឈ្ងុយឆ្ងាញ់ និងការទស្សនាការសម្ដែងរបាំប្រពៃណីជាច្រើនទម្រង់ ដោយសមាជិកាសកម្ម នៃសមាគមកាយឫទ្ធិនារីកម្ពុជា។ មានប្រសាសន៍ប្រកបដោយមោទកភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃកិច្ចប្រជុំកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្នាក់ដឹកនាំ គណៈប្រតិភូ និងសមាជិកទាំងអស់ បានពង្រឹងចំណងមិត្តភាព បង្កើតបណ្តាញទំនាក់ទំនងថ្មី ចែករំលែកចំណេះដឹង និងបទពិសោធទៅវិញ-ទៅមក ព្រមទាំងលើកកម្ពស់តម្លៃ ស្មារតី និងភាពក្លាហានរបស់ស្ត្រី និងយុវតី។

ការសម្តែងក្នុងកម្មវិធី«រាត្រីកម្ពុជា» នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។   
ការសម្តែងក្នុងកម្មវិធី«រាត្រីកម្ពុជា» នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។   

ជាពិសេស ពួកគេបានស្ដាប់សំឡេង និងទស្សនៈរបស់កុមារី និងយុវតី ដើម្បីជំរុញភាពជាអ្នកដឹកនាំសម្រាប់អនាគត។ ក្នុងន័យនេះ លោកជំទាវបណ្ឌិត ស្ត្រីទី១នៃកម្ពុជា ថ្លែងគូសរំលេចថា៖«នាងខ្ញុំសង្ឃឹម និងជឿជាក់ថា នៅពេលមិត្តអន្តរជាតិទាំងអស់ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ អ្នកទាំងអស់គ្នា នឹងនាំយកអនុស្សាវរីយ៍ល្អៗ ពីកម្ពុជា រួមមាន៖ ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត វប្បធម៌ខ្មែរ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា មិត្តភាពរបស់កាយឫទ្ធិនារីកម្ពុជា និងការជឿជាក់ថា កុមារី និងយុវតីកម្ពុជា ពិតជាមានសមត្ថភាព សក្តានុពល និងបេះដូងស្ម័គ្រចិត្តដូចយុវតីនៅគ្រប់កន្លែងក្នុងពិភពលោក»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា

ទន្ទឹមនឹងការថ្លែងរបស់លោកជំទាវអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អ្នកស្រី Sarah Govan-Sisk ប្រធានក្រុមប្រឹក្សាពិភពលោក (World Board Chair) ថ្មីនៃសមាគមកាយឫទ្ធិនារី និងកាយឫទ្ធិពិភពលោក (WAGGGS) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ផ្ទះកម្ពុជា។ អ្នកស្រីលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ស្ត្រីទី១នៃកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកស្ម័គ្រចិត្តច្រើនរូប គណៈប្រតិភូទាំងអស់ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងពោរពេញដោយមិត្តភាព។ អ្នកស្រី Sarah Govan-Sisk ថ្លែងសង្កត់ធ្ងន់ថា៖«យើងនឹងនាំយកអនុស្សាវរីយ៍ល្អៗអំពីប្រទេសកម្ពុជា ត្រឡប់ទៅកាន់មាតុភូមិរបស់យើងវិញ»

លោកស្រី Sarah Govan-Sisk ប្រធានក្រុមប្រឹក្សាពិភពលោក WAGGGS ដែលនឹងចូលកាន់តំណែងថ្មី 
លោកស្រី Sarah Govan-Sisk ប្រធានក្រុមប្រឹក្សាពិភពលោក WAGGGS ដែលនឹងចូលកាន់តំណែងថ្មី 

សូមជម្រាបថា មហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ចាប់តាំងតែពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «We See, We Care, We Act» ឬ«យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព»។ មហាសន្និបាតនេះប្រព្រឹត្តិទៅនៅខេត្តសៀមរាប ក្រោមព្រះវត្តមាន ព្រះអង្គម្ចាស់ក្សត្រី បេនណេឌីកតេ (Benedikte) នៃព្រះរាជាណាចក្រដាណឺម៉ាក, សម្តេចព្រះមហាក្សត្រិយានី AZIZAH Iskandar ព្រះប្រធានកិត្តិយសនៃមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងវត្តមាននៃគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិមកពីជុំវិញពិភពលោក។ ភាពជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ បង្ហាញឱ្យឃើញកាត់តែច្បាស់ពីតួនាទីសកម្មរបស់កម្ពុជា លើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត