
រដ្ឋធានីម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីណែនាំបន្ទាន់មួយ ដោយបានព្រមានពលរដ្ឋខ្លួនឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃទាំងស្រុង ដោយសារតែព្រួយបារម្ភពីហានិភ័យនៃការតាមចាប់ខ្លួនតាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន The Moscow Times រដ្ឋាភិបាលម៉ូស្គូ បានជំរុញឱ្យពលរដ្ឋរុស្ស៊ីណាដែលមានហេតុផលសង្ស័យសូម្បីតែបន្តិចបន្តួចថាអាចនឹងត្រូវរងការកាត់ទោសពីអាម៉េរិក គួរតែផ្អាកការធ្វើដំណើរទៅប្រទេសថៃ រួមទាំងការឈប់ប្តូរជើងហោះហើរ តាមព្រលានយន្តហោះថៃផងដែរ។ រុស្ស៊ីបានចោទប្រកាន់ទីភ្នាក់ងារសម្ងាត់អាម៉េរិកថា បានលួចបើកប្រតិបត្តិការសម្ងាត់ដើម្បីតាមប្រមាញ់ពលរដ្ឋខ្លួននៅក្នុងប្រទេសថៃ ដោយរំលងអាជ្ញាធរម្ចាស់ផ្ទះ។ ការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីហេកឃ័រ (Hacker) ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ ឌីនីស អូប្រេសកូ (Denis Obrezko) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃកាលពីខែវិច្ឆិកាឆ្នាំមុន ក្រោមច្បាប់បត្យាប័នរវាងថៃ និងអាម៉េរិក។

ជាការឆ្លើយតប ក្រសួងការបរទេសថៃបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងរុស្ស៊ី នៅតែមានភាពរឹងមាំលើគ្រប់កម្រិត ហើយប្រទេសទាំងពីរនឹងប្រារព្ធខួប១៣០ឆ្នាំនៃទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០២៧ខាងមុខ។ លោកបានបន្ថែមថា កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសថៃបានទទួលស្វាគមន៍ភ្ញៀវទេសចររុស្ស៊ីរហូតដល់ជិត ១,៩លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប។ ភាគីថៃបានសង្កត់ធ្ងន់ថា ថៃជាប្រទេសមានសុវត្ថិភាពសម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍ ដោយមិនមានការរើសអើងឡើយ ដរាបណាពួកគេគោរពនិងអនុវត្តស្របតាមច្បាប់របស់ប្រទេសថៃ៕



