
រាជធានីភ្នំពេញ៖ លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលនាំឱ្យខាតបង់ប្រាក់កាស...។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ នាពេលថ្មីៗ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ស្របពេលបច្ចេកវិទ្យារីកចម្រើនដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏ផ្តល់នូវបញ្ហាប្រឈមផងដែរ គឺការកើតឡើងនូវការឆបោកតាមអនឡាញ ដែលជនឱកាសនិយម និងឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តិបទល្មើសនានាជាច្រើនទម្រង់ដើម្បីឆបោកប្រាក់។ លោកបានអះអាងថា៖ «ក្នុងឆ្នាំមួយៗនៅទូទាំងពិភពលោក រួមទាំងកម្ពុជា បានរងការខាតបង់ប្រាក់យ៉ាងច្រើនដោយការឆបោកតាមអនឡាញ»។

លោកបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យានេះ ឧក្រិដ្ឋជនភាគច្រើនគឺប្រើប្រាស់នូវថ្នាលអនឡាញ ធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ។ សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថលដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាពនៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន អាជ្ញាធរកម្ពុជាបានសម្រេចសមិទ្ធផលជាច្រើន ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕



