អាជ្ញាធរកម្ពុជា ចាប់ខ្លួនមេខ្លោងម្នាក់ទៀតឈ្មោះ លី សុង ពាក់ព័ន្ធអំពើឆបោកលុយអនឡាញ បញ្ជូនទៅកាត់ទោសជាមួយបងធំ ចេន ហ្ស៊ី
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយស៊ើបអង្កេតអស់ជាច្រើនខែ មេខ្លោងជាជនជាតិចិនម្នាក់ទៀតពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ លី សុង (LI XIONG) ត្រូវបានសមត្ថកិច្ចកម្ពុជាក្របួចជាប់ និងបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធីច្បាប់…។

ក្រសួងមហាផ្ទៃ បានប្រកាសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះថា ការចាប់ខ្លួនជនជាតិចិនខាងលើ ធ្វើឡើងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មុនឈានដល់ការចាប់ខ្លួនជនជាតិចិនរូបនេះ សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចចិន បានសហការគ្នាស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ។ ជនជាតិចិន ឈ្មោះ លី សុង មានសញ្ជាតិខ្មែរ ប៉ុន្តែត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ។

ជនជាតិចិន ឈ្មោះ លី សុង ត្រូវបានបញ្ជូនដល់ប្រទេសចិន
ជនជាតិចិន ឈ្មោះ លី សុង ត្រូវបានបញ្ជូនដល់ប្រទេសចិន

យោងតាមសារព័ត៌មានរ៉យទ័រ បានចុះផ្សាយបន្តពីទូរទស្សន៍ CCTV របស់ចិន នៅថ្ងៃដដែលនេះ បានឱ្យដឹងថា លោក លី សុង ជាសមាជិកស្នូលម្នាក់របស់លោក ចេន ហ្ស៊ី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និងជាបងធំដែលត្រូវបានចោទប្រកាន់ពីបទឆបោកលុយតាមអ៊ីនធឺណិត និងធ្វើប្រតិបត្តិការលាងលុយកខ្វក់នៅកម្ពុជា។ បើតាមរ៉យទ័រដដែល លោក ចេន ហ្ស៊ី [ដែលជាជនជាតិចិន ធ្លាប់មានសញ្ញាតិកម្ពុជា] បានបង្កើតក្រុមហ៊ុនព្រីនស៍គ្រុបនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនមេនេះ រកស៊ីជាច្រើនមុខ រួមមាន៖ អចលនទ្រព្យ ធនាគារ និងផ្នែកអាកាសចរណ៍ ជាដើម។

ជនជាតិចិនឈ្មោះ ចេន ហ្ស៊ី (Chen Zhi) មេធំពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលកន្លងទៅ។
ជនជាតិចិនឈ្មោះ ចេន ហ្ស៊ី (Chen Zhi) មេធំពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលកន្លងទៅ។

ចំណែក ឈ្មោះ លី សុង ដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននាពេលនេះ ត្រូវបានគេដឹងថា ជាថៅកែក្រុមហ៊ុន ហ៊ួយ វ័ន ជាគ្រឹះស្ថានផ្ដល់សេវាទូទាត់ប្រាក់នៅកម្ពុជា ដែលផ្ទុះរឿងពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ និងលាងលុយកខ្វក់ជាដើម។ ក្រុមហ៊ុននេះ ត្រូវបានធនាគារជាតិនៃកម្ពុជា ប្រកាសដកហូតអាជ្ញាបណ្ណ តាំងពីខែកញ្ញា ឆ្នាំ២០២៤មកម្ល៉េះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត