
ក្រុងបាវិត៖ កាស៊ីណូមានស្លាកយីហោរ «ស៊ីលវើរ ស្តារ» ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចសម្រេចព្យួរអាជ្ញាបណ្ណ ក្រោយចុះពិនិត្យរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២វិច្ឆិកា ឆ្នាំ២០២៥...។

ប្រតិបត្តិការចុះពិនិត្យបង្រ្កាប ឆែកឆេរទីតាំងកាស៊ីណូខាងលើ ធ្វើឡើងដោយលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សម្របសម្រួលជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា (គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១ វិច្ឆិកាម្សិលមិញ ក្រោយមានការសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រោយការបង្រ្កាប សមត្ថកិច្ចឃាត់បានជនសង្ស័យជាជនបរទេសចំនួន២៣នាក់។ ក្នុងចំណោមអ្នកទាំង២៣ មាន៣នាក់ជាមុខសញ្ញាមេខ្លោង រួមមាន៖ ចិនតៃវ៉ាន់១នាក់ និងម៉ាឡេស៊ីចំនួន២នាក់ ព្រមទាំងបានដកហូតវត្ថុតាងមួយចំណួន រួមមាន៖ Call Center ២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និង ទូរសព្ទដៃ២០គ្រឿង។

ដោយឡែក ជនសង្ស័យ២០នាក់ទៀត រួមមាន៖ ជនជាតិស្រីលង្កា៦នាក់ (ស្រី១នាក់), ប៉ាគីស្ថាន៧នាក់ (ស្រី២នាក់), ហ្វីលីពីន២នាក់ (ស្រី២នាក់), នេប៉ាល់២នាក់ (ស្រី២នាក់), ឥណ្ឌា១នាក់, នីហ្ស៊េរីយ៉ា១នាក់ និង អាល់ហ្ស៊េរី១នាក់ ត្រូវបានសមត្ថកិច្ចសង្ស័យថា ជាជនរងគ្រោះ។ បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសម្រេចចាត់វិធានព្យួរអាជ្ញាបណ្ណកាស៊ីណូ «ស៊ីលវើរ ស្តារ» មិនឱ្យដំណើរការអាជីវកម្មបន្តទៀតទេ ចំណែកមុខសញ្ញាមេខ្លោងជាជនបរទេសទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់នៃប្រទេសកម្ពុជា។ ចំណែក ជនបរទេស២០នាក់ទៀត ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធីនិរទេសចេញពីកម្ពុជា៕








