
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ នៅថ្ងៃទី១៧មិថុនា ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដោយនៅក្នុងនោះរដ្ឋធានីតេអេរ៉ង់បានយល់ព្រមបន្ថយកំហាប់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់របស់ខ្លួន ជាថ្នូរនឹងការទទួលបានការសម្រាលទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំ។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់ អះអាងថា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នេះ ក្នុងអំឡុងពេលពិភាក្សាការងារពេលល្ងាចជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅឯអតីតរាជវាំង Versailles បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល G7។ លោក ត្រាំ បានប្រាប់អ្នកកាសែតយ៉ាងខ្លីថា «ទើបតែចុះហត្ថលេខាហើយ» ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្ម៉ាអ៊ីល បាកៃ (Esmaeil Baqaei) ក៏បានបញ្ជាក់ដែរថា ឯកសារនេះត្រូវបានសម្រេចជាស្ថាពរ ដោយមានហត្ថលេខារបស់ប្រធានាធិបតីប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើឡើងដើម្បីបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសារការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល ដែលបង្កឱ្យមានការវាយបកវិញពីសំណាក់អ៊ីរ៉ង់តាមរយៈការបាញ់មីស៊ីល និងដ្រូនយ៉ាងសន្ធឹកសន្ធាប់ពេញតំបន់ ព្រមទាំងបានឈានទៅដល់ការបិទច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់របស់សេដ្ឋកិច្ចពិភពលោក។ ក្រោមខ្លឹមសារនៃកិច្ចព្រមព្រៀងថ្មីនេះ រដ្ឋធានីវ៉ាស៊ីនតោនប្តេជ្ញាលុបចោលជាបន្ទាន់ នូវទណ្ឌកម្មលើការនាំចេញប្រេង ដែលកំពុងតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ហើយនៅពេលដែលកិច្ចព្រមព្រៀងចុងក្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរត្រូវបានសម្រេច អាម៉េរិកនឹងជួយសម្របសម្រួលដោះលែងកញ្ចប់ថវិកាស្តារឡើងវិញចំនួន៣០០ពាន់លានដុល្លារអាម៉េរិក ដែលគាំទ្រដោយបណ្តាប្រទេសនៅក្នុងតំបន់ថែមទៀតផង។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគ្រាន់តែជាការផ្អាកសង្រ្គាមបណ្តោះអាសន្នរយៈពេល២ខែ ដើម្បីបើកផ្លូវឱ្យមានការចរចាលម្អិត ហើយលោក ត្រាំ ក៏បានព្រមានថា នឹងទម្លាក់គ្រាប់បែកកម្ទេចអ៊ីរ៉ង់វិញភ្លាម ប្រសិនបើហ៊ានល្មើសកិច្ចព្រមព្រៀង៕






