
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងចំនួន៣ផ្សេងគ្នា ក្នុងក្រុងបាវិត ខេត្តស្វាយរៀង .....។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ កម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់បង្រ្កាបទីតាំងលួចប្រព្រឹត្តិបទល្មើសអនឡាញស្កេម ដោយឃាត់ខ្លួនមនុស្ស៣២នាក់ ក្នុងនោះ ជនជាតិចិន២៣នាក់ និងជនជាតិវៀតណាម៩នាក់។

ជាមួយគ្នា អាជ្ញាធរបានរឹបអូសសម្ភារពាក់ព័ន្ធនឹងបទល្មើស រួមមាន៖ កុំព្យូទ័រលើតុ All-In-One, កុំព្យូទ័រយួរដៃ, ម៉ូនីទ័រ, ធុង CPU, រថយន្ត, ថេប្លេត (Tablet), ទូរសព្ទដៃ, និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯទីតាំងប្រព្រឹត្តិបទល្មើស ត្រូវអាជ្ញាធរបិទជាបណ្ដោះអាសន្ន៕






