ថៃប្រកាសក្តែងៗថា យន្តហោះចម្បាំង F-16 និង Gripen ត្រៀមខ្លួនប្រយុទ្ធគ្រប់វិនាទី បើទោះបីចំពេលភ្លៀងធ្លាក់ខ្លាំងក៏ដោយ
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីបាងកក៖ មជ្ឈមណ្ឌលព័ត៌មានថៃ បានចេញមុខប្រកាសអាសន្ន និងធានាដល់ពលរដ្ឋថា កងទ័ពអាកាសខ្លួន រួមទាំងយន្តហោះចម្បាំងទំនើបៗ ពិសេស F-16 និង Gripen ស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈប្រយុទ្ធកម្រិតខ្ពស់បំផុត។

រូបភាព៖ The Nation
រូបភាព៖ The Nation

នាថ្ងៃសៅរ៍ទី២០ ខែមិថុនា លោក ប្រាផាស សនឆៃឌី (Prapas Sornchaidee) មេបញ្ជាការទ័ពអាកាសថៃ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានថៃ បានចេញមុខបំភ្លឺជុំវិញក្ដីបារម្ភរបស់សាធារណជនថៃនៅតាមតំបន់ព្រំដែន។ លោកបានបញ្ជាក់ថា ស្ថាប័នសន្តិសុខថៃនៅតែបន្តតាមដានស្ថានភាពយ៉ាងដិតដល់២៤ម៉ោង លើ ២៤ម៉ោង។ លោក ប្រាផាស ក៏បានបន្តទៀតថា ការតាមដានផ្នែកសម្ងាត់ ការល្បាតតាមជើងគោក និងការឃ្លាំមើលតាមផ្លូវអាកាស គឺកំពុងត្រូវបានធ្វើឡើងជាប្រចាំ មិនដាច់ឡើយ។ 

លោក ប្រាផាស សនឆៃឌី, រូបភាព៖ The Nation
លោក ប្រាផាស សនឆៃឌី, រូបភាព៖ The Nation

ចំពោះការត្រៀមលក្ខណៈរបស់កងទ័ពអាកាសភូមិន្ទថៃ អំឡុងរដូវវស្សានេះ លោក ប្រាផាស បានថ្លែងថា កងទ័ពអាកាសថៃមានសមត្ថភាពពេញលេញក្នុងការបំពេញបេសកកម្មក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុ មិនថាជារដូវក្ដៅ រដូវវស្សា ឬរដូវរងានោះទេ។ លោក បន្តថា អ្នកបើកបរយន្តហោះចម្បាំង និងប្រព័ន្ធគាំទ្រ ត្រូវបានហ្វឹកហ្វឺន ដើម្បីធ្វើប្រតិបត្តិការក្នុងបរិយាកាសចម្រុះ។ នៅពេលត្រូវបានសួរថា តើយន្តហោះចម្បាំងដូចជា F-16 និង Gripen អាចប្រើប្រាស់អាវុធបានដែរឬទេ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង...? លោក ប្រាផាស បានតបថា យន្តហោះទំនើបៗត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុខុសៗគ្នា និងត្រូវបានបំពាក់ដោយប្រព័ន្ធរុករក និងប្រព័ន្ធអាវុធដ៏ទំនើប។ ទោះជាយ៉ាងណាក៏ដោយ រាល់បេសកកម្មទាំងអស់ត្រូវតែឆ្លងកាត់ការវាយតម្លៃលម្អិតជាមុនសិន មុននឹងចេញប្រតិបត្តិការ៕

 រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត