
រាជធានីបាងកក៖ កងល្បាតព្រំដែនទឹកថៃ បានស្ទាក់ចាប់ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣០០គីឡូក្រាម តាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តនគរភ្នំ ((Nakhon Phanom) ដែលមានតម្លៃជាទឹកប្រាក់ជាង៦០០លានបាត ឬស្មើ១៧លានដុល្លារ..។

លោក ប៉ារ៉ាច រតនជ័យភណ្ឌ (Parach Rattanachaiyapan) អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បានអះអាង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងពេលកំពុងល្បាត និងតាមដានភូមិសាស្ត្រតាមបណ្តោយឆ្នេរទន្លេមេគង្គ ស្ថិតក្នុងភូមិខ្លាំងណយ (Klang Noi) ឃុំឃ្លាំង ស្រុកមឿងនគរភ្នំ ខេត្តនគរភ្នំ កងល្បាតបានប្រទះឃើញរថយន្តសង្ស័យមួយគ្រឿង ចតនៅតាមបណ្តោយមាត់ច្រាំងទន្លេ។ ក្នុងកំលុងពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញការុងចំនួន៧ ដែលផ្ទុកថ្នាំញៀនប្រភេទម៉ាទឹកកកសរុបទម្ងន់ប្រហែល៣០០គីឡូក្រាម លាក់ទុកក្នុងរថយន្តនោះ។

គេជឿជាក់ថា ថ្នាំញៀនទាំងនេះត្រូវបានរៀបចំឡើងដោយបណ្តាញឆ្លងដែន។ យ៉ាងណា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់ស្រមោលឈឹង។ បច្ចុប្បន្ន ទីភ្នាក់ងារសន្តិសុខពាក់ព័ន្ធកំពុងបើកការស៊ើបអង្កេតបន្ថែម ដើម្បីតាមប្រមាញ់សមាជិកដទៃទៀតនៃក្រុមនេះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ បទល្មើសគ្រឿងញៀននៅប្រទេសថៃ លេចឡើងជាបន្តបន្ទាប់មិនចេះដាច់ និងជាបទល្មើសទ្រង់ទ្រាយធំទៀតផង។ ជាក់ស្តែង ថ្មីៗនេះ មានប្រតិបត្តិការរួមគ្នារវាងកងកម្លាំងសមត្ថកិច្ចថៃ និងកងកម្លាំងសមត្ថកិច្ចកូរ៉េខាងត្បូង បានឆ្មក់បង្ក្រាបលើរោងចក្រលួចផលិតគ្រឿងញៀន១០ទីតាំង ហើយបានរកឃើញសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀន មានដល់ទៅ៥០តោនឯណោះ។ ក្រុមឧក្រិដ្ឋជន បើករោងចក្រលួចផលិតគ្រឿងញៀននៅថៃ ស្ទើរតែដូចផលិតស្រូវអង្ករទៅហើយ៕



