
រាជធានីបាងកក៖ កងទ័ពភូមិន្ទថៃ កំពុងបង្កើនការឃ្លាំមើល និងរឹតបន្តឹងការគ្រប់គ្រងនៅតំបន់ព្រំដែនប្រាសាទខ្នារ ក្រោមលេសផ្តល់ភាពកក់ក្ដៅដល់សាធារណជន និងការពារអធិបតេយ្យភាពជាតិ ទាំងដែលសកម្មភាពនេះ ជារំលោភបំពានដែនអធិបតេយ្យកម្ពុជា។

ប្រាសាទខ្នារ គឺជាប្រាសាទបុរាណមួយរបស់ខ្មែរ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយតំបន់ប្រាសាទនេះ គឺជាទីតាំងដីទួលខ្ពស់ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ។ ប៉ុន្តែ យោធាថៃ បែរជាធ្វើសកម្មភាពទាំងងងើល ដូចជា រុះរើរចនាសម្ព័ន្ធជណ្តើរឈើ ដែលសាងសង់ដោយយោធាកម្ពុជា ហើយយោធាថៃ ថែមទាំងដំឡើងរបងលួសបន្លាដើម្បីការពារការឈានចូលផងដែរ។ ជាមួយគ្នា យោធាថៃ បន្តធ្វើសកម្មភាពផ្សេងៗទៀតនៅតំបន់ប្រាសាទនេះ រួមមាន ការឃ្លាំមើលជាបន្តបន្ទាប់ ការពង្រឹងទីតាំងការពារ និងការធ្វើប្រតិបត្តិការបោសសម្អាតមីន។

លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងថា បេសកកម្មនេះ មានគោលបំណងលើកកម្ពស់ស្មារតីកងទ័ព និងទប់ស្កាត់ការចូលមកណាមួយបន្ថែមទៀតមកក្នុងតំបន់ប្រាសាទខ្នារ។ យោធាថៃ សង្កត់ធ្ងន់ថា ត្រូវផ្តោតលើកិច្ចការអាទិភាពស្នូល រួមមាន៖ ឃ្លាំមើល តាមដាន ត្រៀមលក្ខណៈប្រតិបត្តិការជាបន្តបន្ទាប់។ បន្ថែមពីនេះ យោធាឈ្លានពានថៃ ក៏ដាក់ផែនការកែលម្អទីតាំងការពារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅប្រាសាទនេះផងដែរ ដូចជា ផ្លូវជាដើម៕






