
រាជធានីបាងកក៖ មេបញ្ជាការយោធភូមិភាគ២របស់ថៃ លោក វីរយុទ្ធ រ័ក្សសិល្ប៍ (Weerayuth Raksilp) បានប្រកាសថា កងទ័ពថៃកំពុងបង្កើនការតាមដានយ៉ាងដិតដល់ ជុំវិញសភាពការណ៍តាមបណ្តោយព្រំដែន។ មិនតែប៉ុណ្ណោះ លោក បានបោះសម្តីថា ការត្រៀមលក្ខណៈរួចជាស្រេច លឿន រហ័សរហួន និងមានគ្រឿងបរិក្ខារយោធាទំនើប នឹងក្លាយជាកត្តាសម្រេចលទ្ធផល ប្រសិនបើផ្ទុះសង្គ្រាមនៅជុំទី៣។

លោក វីរយុទ្ធ បានទម្លាយថា កងកម្លាំងថៃបានបំផ្លាញជណ្តើរដែលតភ្ជាប់ពីភាគីកម្ពុជាទៅកាន់ប្រាសាទខ្នាររួចរាល់ហើយ។ ទន្ទឹមនឹងការត្រៀមលក្ខណៈផ្នែកយោធា មេបញ្ជាការថៃរូបនេះ ក៏បានដាក់បទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ដល់កងទ័ពជួរមុខ ឱ្យរក្សាវិន័យខ្ពស់ និងគ្រប់គ្រងចិត្តក្នុងការឆ្លើយតបភ្លាមៗករណីផ្ទុះអាវុធជុំទី៣។

ទង្វើ និងសម្តីវាយប្រហារឥតលាក់លៀមរបស់មេទ័ពថៃរូបនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមហិច្ឆតាចង់បង្កជម្លោះ និងមិនគោរពដល់គោលការណ៍ច្បាប់អន្តរជាតិឡើយ។ បន្ថែមពីនេះ កងទ័ពថៃ បន្តធ្វើសកម្មភាពរំលោភបំពានជាក់ស្តែងថែមទៀត ដូចជា លើកទង់ជាតិ ធ្វើផ្លូវ ដាក់ទូកុងតឺន័រ ស្រាស់បន្លាលួស និងឈរកាន់កាប់តំបន់នានាតាមព្រំដែនទឹកដីកម្ពុជា៕



