
រដ្ឋធានីប៉ារីស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ចំៗ និងកម្រមានបំផុតចំពោះយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលដែលប្រើទៅលើប្រទេសលីបង់។ លោក ត្រាំ សង្កត់ធ្ងន់ថា ការទម្លាក់គ្រាប់បែកកម្ទេចអគារស្នាក់នៅជនស៊ីវិលទាំងមូល ដើម្បីតាមប្រមាញ់សមាជិកក្រុមហេបូឡាហ៍តែម្នាក់ គឺជារឿង «មិនចាំបាច់ទាល់តែសោះ»។

ការរិះគន់ជាធារណៈនេះ បានធ្វើឡើងចំពេលលោក ត្រាំ កំពុងប្រឹងប្រែង ដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវរងការរំខានដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់។ «មនុស្សច្រើនពេកហើយ បានស្លាប់។ អ្នកមិនចាំបាច់វាយកម្ទេចអគារស្នាក់នៅជនស៊ីវិលដើម្បីស្វែងរកនរណាម្នាក់នោះទេ ព្រោះនៅក្នុងនោះមិនមែនសុទ្ធតែជាក្រុមហេបូឡាហ៍ឡើយ» នេះជាសម្តីដ៏មុតស្រួចរបស់លោក ដូណាល់ ត្រាំ ដែលលើកឡើងក្នុងកិច្ចប្រជុំ G7 ប្រព្រឹត្តទៅនៅប្រទេសបារាំង នៅពីថ្ងៃទី១៦ ខែមិថុនា។

នេះបង្ហាញថា លោក ត្រាំ ហាក់កំពុងអស់ការអត់ធ្មត់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ព្រោះការវាយប្រហារលើលីបង់ បានបង្កឱ្យមានការវាយបកពីអ៊ីរ៉ង់ ចំពេលដែលកិច្ចព្រមព្រៀងសន្តិភាពអាម៉េរិក-អ៊ីរ៉ង់ ជិតឈានដល់ទីបញ្ចប់។ លោក ត្រាំ បានរំឭកអ៊ីស្រាអែលចំៗថា៖«បើគ្មានយើង បើគ្មានសហរដ្ឋអាម៉េរិក និងរូបខ្ញុំទេ នោះនឹងគ្មានអ៊ីស្រាអែលឡើយ»។ យ៉ាងណា បច្ចុប្បន្ន ខាងស្ថានទូតអ៊ីស្រាអែលប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នៅមិនទាន់មានការឆ្លើយតប ឬធ្វើអត្ថាធិប្បាយណាមួយជុំវិញការរិះគន់ធ្ងន់ៗពីសំណាក់ប្រធានាធិបតីអាម៉េរិករូបនេះនៅឡើយទេ៕




