
មជ្ឈិមបូព៌ា៖ ទោះបីជាសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់បានប្រកាសជាផ្លូវការពីអត្ថបទពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ប៉ុន្តែស្ថាប័នសារព័ត៌មានធំៗ ដូចជា Bloomberg News និង Al Arabiya ជាដើម បានចុះផ្សាយនូវអ្វីដែលពួកគេអះអាងថា ជាសេចក្តីព្រាងអំពីកិច្ចព្រមព្រៀងនេះ ដែលមានចំណុចសំខាន់ៗមួយចំនួន។

សេចក្តីព្រាងនៃកិច្ចព្រមព្រៀងខាងលើ បានប្រកាសពីការបញ្ចប់សង្រ្គាមជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់កន្លែងទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ ដោយភាគីទាំងពីរ គឺអាម៉េរិក និងអ៊ីរ៉ង់ ប្ដេជ្ញាចិត្តថា «ចាប់ពីពេលនេះតទៅ នឹងមិនបើកការវាយប្រហារស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមកឡើយ»។ ស្របពេលជាមួយគ្នានោះ សហរដ្ឋអាម៉េរិកនឹងលែងបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់អ៊ីរ៉ង់ ព្រមទាំងប្តេជ្ញាដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជុំវិញនោះក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខា ខណៈភាគីអ៊ីរ៉ង់នឹងត្រូវចាត់វិធានការភ្លាមៗ ដើម្បីបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សឡើងវិញ។

លើសពីនេះទៅទៀត សហរដ្ឋអាម៉េរិក និងដៃគូក្នុងតំបន់ នឹងបង្កើត «ផែនការគ្រប់ជ្រុងជ្រោយ» មួយសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ដោយធានានូវកញ្ចប់ថវិកាហិរញ្ញប្បទានយ៉ាងហោចណាស់៣០០ពាន់លានដុល្លារអាម៉េរិក។ រដ្ឋធានីវ៉ាស៊ីនតោនក៏បានប្ដេជ្ញាបញ្ចប់រាល់ទណ្ឌកម្មគ្រប់ប្រភេទប្រឆាំងនឹងរដ្ឋធានីតេហេរ៉ង់ រួមទាំងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅតាមកាលវិភាគដែលត្រូវព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ ហើយសហរដ្ឋអាម៉េរិកក៏នឹងផ្តល់ការលើកលែងចំពោះការនាំចេញប្រេងរបស់អ៊ីរ៉ង់ ព្រមទាំងដោះលែងមូលនិធិ និងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកកន្លងមក ស្របទៅតាមវឌ្ឍនភាពនៃការចរចា។ ជាការឆ្លើយតប អ៊ីរ៉ង់បានបញ្ជាក់សាជាថ្មីថា ខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត ចំណែកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច និងបញ្ហាសេសសល់ផ្សេងៗទៀត នឹងត្រូវលើកយកមកដោះស្រាយនៅក្នុងកិច្ចព្រមព្រៀងចុងក្រោយបង្អស់៕




