អគ្គិភ័យឆាបឆេះសណ្ឋាគារដ៏ប្រណិតជាប់មាត់សមុទ្ទប្រទេសដូមីនីក សម្លា.ប់មនុស្សម្នាក់ ខណៈ១៧០០នាក់ផ្សេងទៀត រត់គេចខ្លួនទាំងព្រលឹងចុងសក់
ហៀប ស៊ីថេត
10 ម៉ោងមុន

រដ្ឋធានីរ៉ូសូ៖ វិស្សមកាលដ៏រីករាយនៅលើឆ្នេរខ្សាច់សក្បុសនៅសាធារណរដ្ឋដូមីនីក បានប្រែទៅជាផេះផង់ត្រឹមតែមួយប៉ប្រិចភ្នែក។ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះសណ្ឋាគារលំដាប់អន្តរជាតិ Viva Wyndham Dominicus Beach (វីវ៉ា វីនដាម ដូមីនីខូស ប៊ីច) ក្នុងតំបន់រមណីយដ្ឋាន Bayahibe (បាយអាហ៊ីបេ) នៃសាធារណរដ្ឋដូមីនីក នៅយប់ថ្ងៃសុក្រទី១៩មិថុនា បណ្ដាលឱ្យស្ត្រីជនជាតិអ៊ីតាលីម្នាក់ស្លាប់ និងមនុស្សជិត១៧០០នាក់ផ្សេងទៀត រត់ភៀសខ្លួនយ៉ាងតក់ក្រហល់។

ស្ត្រីជនជាតិអ៊ីតាលីអាយុ៤៦ឆ្នាំ ឈ្មោះ ហ្វ្រង់ស៊ីស្កា វ៉ាឡេនទីណូ (Francesca Valentino) បានស្លាប់ ហើយមនុស្ស៣នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង៦នាក់ទៀតរងរបួសស្រាល។ លើសពីនេះ ភ្ញៀវទេសចរ និងបុគ្គលិកជិត ១៧០០នាក់ ត្រូវជម្លៀសចេញយ៉ាងប្រញាប់ទៅកាន់សណ្ឋាគារក្បែរៗនោះ។ របាយការណ៍បឋមបានបង្ហាញថា ភ្លើងបានឆាបឆេះ និងរាលដាលយ៉ាងលឿន ដោយសារខ្យល់បក់ខ្លាំង និងរចនាសម្ព័ន្ធដំបូលសណ្ឋាគារដែលធ្វើពីស្លឹកស្បូវ ដែលងាយឆេះបំផុត។

ផ្សែងខ្មៅខ្មួលខ្មាញ់ក្រាស់ឃ្មឹក និងអណ្តាតភ្លើងឆាបឆេះដ៏សន្ធោសន្ធៅ បានលេបត្របាក់ដំបូលប្រកស្បូវនៃរមណីយដ្ឋានមាត់សមុទ្ទដ៏ល្បីល្បាញនេះ បង្កើតបានជារូបភាពគួរឱ្យរន្ធត់ចិត្ត ដោយបានប្រែក្លាយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ទៅជាផេះផង់ត្រឹមមួយប៉ប្រិចភ្នែក។ មកដល់ពេលនេះ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (COE) អះអាងថា អគ្គិភ័យនេះ ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ។ គួររំលឹកផងដែរថា សាធារណរដ្ឋដូមីនីក គឺជាគោលដៅទេសចរណ៍លេខមួយនៅតំបន់ការីបៀន ដោយទើបតែទទួលបានភ្ញៀវទេសចររហូតដល់ទៅ ៥,៦លាននាក់ ក្នុងរយៈពេលត្រឹមតែ៥ខែដំបូងនៃឆ្នាំ២០២៦នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត