
រាជធានីបាងកក៖ នៅចំពោះមុខអ្នកកាសែត លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ ទទួលស្គាល់ថា «មិនទាន់មានរបាយការណ៍អំពីរថក្រោះកម្ពុជាចល័តក្បែររបងផ្ទះថៃទេ»។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺថា លោក អនុទីន បានប្រកាសរៀបចំយុទ្ធសាស្ត្រការពារជាតិតាមរយៈការត្រៀមលក្ខណៈយោធា និងការបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូនសម័យទំនើបជាបន្ទាន់ នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា...។

សកម្មភាពនៅពីក្រោយខ្នងនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ (ឬ NSC) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ពីចេតនាគំរាមកំហែងផ្នែកយោធា នៅតាមបណ្តោព្រំដែនកម្ពុជា ខណៈយោធាឈ្លានពានថៃ បាននិងកំពុងបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា ជាច្រើនទីតាំងដោយខុសច្បាប់។ នៅក្នុងបទសម្ភាស លោក អនុទីន បានប្រើប្រាស់វោហារសាស្ត្រថា ការពារទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត ប៉ុន្តែបើវិភាគឱ្យស៊ីជម្រៅ គេនឹងមើលឃើញថា ថៃកំពុងដាក់កងទ័ពប្រុងជើងការណ៍ខ្ពស់នៅតាមបណ្តោយតំបន់ព្រំដែន។ ជាក់ស្តែង លោក អនុទីន បានរលាស់អណ្តាតថា ៖«យើងកំពុងតាមដានព្រំដែនរបស់យើងយ៉ាងដិតដល់បំផុត និងត្រៀមលក្ខណៈពេញលេញ... ខ្ញុំសូមធានាថា គ្មាននរណាម្នាក់អាចឆ្លងកាត់ ឬឈ្លានពានចូលមកក្នុងទឹកដីរបស់យើងបានឡើយ!»។ យ៉ាងណា ការលើកឡើងរបស់លោក អនុទីន ហាក់គ្មានមូលដ្ឋានទាល់តែសោះ ព្រោះថា ថៃជាប្រទេសមានសេដ្ឋកិច្ចធំ និងសព្វាវុធខ្លាំង តើប្រទេសណាមួយដែលខ្សោយជាងខ្លួន ហ៊ានទៅបើកការឈ្លានពាននោះ...? ពោលគឺមានតែយោធាថៃខ្លួនទេ ដែលជាអ្នកបើកការឈ្លានពានគេឯងមុន។

លើសពីនេះ ថៃក៏បានអនុម័តលើការបង្កើត«មជ្ឈមណ្ឌលប្រឆាំងដ្រូន (Anti-Drone Centre)» នៅតាមព្រំដែនជាបន្ទាន់ផងដែរ។ ការបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូនរបស់ភាគីថៃនៅតាមបណ្តោយព្រំដែននេះ មិនមែនជារឿងចៃដន្យឡើយ ពីព្រោះ យោធាឈ្លានពានថៃ ហាក់កំពុងបង្កប់នូវផែនការទុច្ចរិតនៅពីក្រោយ៕





