
រាជធានីភ្នំពេញ៖ នៅលើទឹកដីរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អនុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ បានឆ្លៀតជជែកគ្នាក្រៅផ្លូវការ។ មេដឹកនាំកម្ពុជា លើកឡើងចំណុចសំខាន់ៗមួយចំនួន ប្រាប់ទៅមេដឹកនាំថៃ៖

១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្ទ គឺសូមភាគីទាំង២ បន្តដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ (UNCLOS) ដែលកំពុងដំណើរការ។

៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគី ដែលមានស្រាប់ គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញឱ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC ខាងខ្លួន និងជំរុញឱ្យចាប់ផ្តើមដំណើរការចុះវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួម ដែលភាគីទាំង២បានចុះហត្ថលេខា។

៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ។ រូប១សន្លឹក និងចំណុចទាំង៤នេះ ប្រមុខរាជរដ្ឋាភិបាលបានបង្ហោះជាសាធារណៈលើបណ្តាញសង្គម នៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមកដល់កម្ពុជាវិញ។ មេដឹកនាំអាស៊ាន បានទៅចូលរួមប្រជុំកំពូលអាស៊ាន-រុស្ស៊ី ក្នុងទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា៕




