កងកម្លាំងខេត្តបាត់ដំបង និង ACU បើកការស្រាវជ្រាវរួមគ្នាករណីជនល្មើសរាប់រយនាក់ចូលឆក់ត្រីនៅក្នុងតំបន់អភិរក្ស ខណៈអ្នកនាំពាក្យសាលាខេត្តឆ្លើយថា មិនទាន់ទទួលបានព័ត៌មាន
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងបាត់ដំបង៖ មនុស្ស៤០នាក់ក្នុងចំណោមជនល្មើសរាបរយនាក់ផ្សេងទៀត ត្រូវកម្លាំងយោធាចាប់ខ្លួន ក្រោយពួកគេនាំគ្នាធ្វើសកម្មភាពឆក់ត្រីនៅក្នុងតំបន់អភិរក្ស អតីតឡូត៍លេខ២ ស្ថិតក្នុងខេត្តបាត់ដំបង...។

មន្ទីរព័ត៌មានខេត្តបាត់ដំបង បានផ្សាយលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា កម្លាំងយោធាដែលប្រចាំការនៅបឹងទន្លេសាប ប្រើពេល៣ថ្ងៃជាប់គ្នា (ពីថ្ងៃ១៦ ដល់ថ្ងៃ១៨) ក្នុងការបង្រ្កាបជនល្មើសបានចំនួន១៧២នាក់ ដែលធ្វើសកម្មភាពលួចចូលឆក់ត្រីនៅក្នុងតំបន់អភិរក្ស។ ប៉ុន្តែដោយសារតែកម្លាំងយោធាមានចំនួនតិចជាងក្រុមជនល្មើស ដូច្នេះហើយ ទើបពួកគេឆ្លៀតឱកាសនាំគ្នារត់គេចខ្លួនអស់ចំនួន១៣២នាក់។

បច្ចុប្បន្ន ជនល្មើសទាំង៤០នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងយោធាបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបើកការសាកសួរ និងអង្កេតស្រាវជ្រាវក្រោមកិច្ចសហការជាមួយមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ។ ហេតុអ្វីបានជាជនល្មើសរាបរយនាក់ អាចឆ្មក់ចូលឆក់ត្រីនៅតំបន់អភិរក្សទាំងខុសច្បាប់ដោយរលូនបែបនេះ? ឬមួយមានការបើកដៃពីខាងណាមួយ? ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន​ SBM News បានព្យាយាមសុំការបំភ្លឺពីលោក យ៉ូវ សេងគុណ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង ប៉ុន្តែលោកឆ្លើយយ៉ាងខ្លីថា មិនទាន់ទទួលបានព័ត៌មាន។ ចំណែកឯ លោកឧត្តសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយសំអាងថា ករណីខាងលើ មន្រ្តីជំនាញបានបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត