មនុស្ស១៨នាក់ ត្រូវកម្លាំងអាវុធហត្ថក្រៀកជាប់ ពាក់ព័ន្ធបទល្មើសអនឡាញស្កេមនៅក្រុងព្រះសីហនុ
ហាក់ អ៊ីឌី
មួយម៉ោងមុន

ខេត្តព្រះសីហនុ៖ មនុស្សប្រុសស្រី១៨នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយរកឃើញថា ពួកគេបានលបលួចប្រព្រឹត្តិបទល្មើសឆបោក ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ សមត្ថកិច្ច ពុំទាន់បញ្ជាក់នោះទេថា ជនសង្ស័យទាំង១៨នាក់នោះ ជាជនជាតិអ្វី។  

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង វុធ សាវី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចូលឆ្មក់បង្រ្កាបទីតាំងខាងលើ ក្រោយទទួលបានសេចក្ដីរាយការណ៍ថាមានការលបលួចប្រព្រឹត្តិបទល្មើសឆបោកអនឡាញស្កេម។​ 

ក្រៅពីការឃាត់ខ្លួនជនល្មើសទាំង១៨នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាងជាប្រភេទគ្រឿងអេឡិចត្រូនិក ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសមួយចំនួនធំផងដែរ។បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញ បាននិងកំពុងកសាងសំណុំរឿងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត