
ខេត្តបាត់ដំបង៖ អាជ្ញាធររឹបអូសបានបារី១០៦កេសពីក្រុមឈ្មួញ ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនោះ ៦៤កេស រកឃើញក្នុងរថយន្ត និង៤២កេះទៀត រកឃើញក្នុងផ្ទះ។

ការបង្រ្កាបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា មានរថយន្តម៉ាក WULING YANGGUANG បានចតទុកនៅក្បែរផ្ទះមួយកន្លែង ដោយពុំឃើញម្ចាស់ស្នាក់នៅ។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះត្រួតពិនិត្យរថយន្តខាងលើ ហើយរកឃើញបារីចំនួន៦៤កេស ដែលត្រូវបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។ បន្ទាប់មក សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះក្បែរនោះ ហើយរកឃើញបារីបន្ថែមចំនួន ៤២កេះទៀត។

មកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត ព្រោះជនសង្ស័យបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះដល់ទីតាំង។ បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកតាមនីតិវិធី ហើយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងតាមចាប់ខ្លួនជនពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់៕



