ថ្លែងសារនៅរុស្ស៊ី មេដឹកនាំកម្ពុជាចាត់ទុក«ឯកភាព និងសាមគ្គីភាព»ជាគន្លឹះសម្រាប់អនាគតអាស៊ានក្នុងពេលពិភពលោកស្មុគស្មាញ
អុន សម្ផស្ស
2 ម៉ោងមុន

សហព័ន្ធរុស្ស៊ី៖ ចំពោះមុខមេដឹកនាំអាស៊ាន-រុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកឯកភាព និងសាមគ្គីភាព នៅតែជាកត្តាស្នូលដ៏សំខាន់សម្រាប់អាស៊ាន ឆ្លើយតបបញ្ហាប្រឈមនានា ខណៈពិភពលោកកំពុងប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញ និងមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។ ការគូសបញ្ជាក់របស់ សម្តេចធិបតីនេះ គឺចងភ្ជាប់ទៅនឹងមូលបទនៃកិច្ចប្រជុំកំពូល«អាស៊ាន-រុស្ស៊ី៖ ឯកភាពក្នុងពហុភាព៣៥ឆ្នាំស្ថិតនៅរួមជាមួយគ្នា»។ 

មេដឹកនាំកម្ពុជាថ្លែងថា មូលបទនៃកិច្ចប្រជុំកំពូល«អាស៊ាន-រុស្ស៊ី៖ ឯកភាពក្នុងពហុភាព៣៥ឆ្នាំ ស្ថិតនៅរួមជាមួយគ្នា»ឆ្លុះបញ្ចាំងនូវសារសំខាន់ជាមូលដ្ឋានរបស់អាស៊ាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់បន្ថែមថា៖«នៅក្នុងពិភពលោកដែលកំពុងប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញ ឯកភាព និងសាមគ្គីភាពនៅតែជាកត្តាដ៏ចាំបាច់មិនអាចខ្វះបានក្នុង ការឆ្លើយតបនឹងបញ្ហាប្រឈមរួមការទាញយកកាលានុវត្តភាពថ្មីៗ និងការធានាឱ្យបាននូវអនាគតដែលប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព»។ ទន្ទឹមគ្នា សម្តេចធិបតី បានអះអាងនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងកម្ពុជា-រុស្ស៊ីបន្ថែមទៀត ព្រមទាំងគូសបញ្ជាក់ពី អាទិភាពសំខាន់៤ សម្រាប់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។  

ក្នុងនោះរួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ដែលរួមមានកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការទាញយកសក្តានុពលពេញលេញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ធុរកិច្ចឱ្យប្រសើរជាងមុន, ការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព និងមួយចុងក្រោយគឺការជំរុញគំនិតផ្តួចផ្តើមដែលផ្តោតចំពោះប្រជាជន នៅក្នុងវិស័យវប្បធម៌ ការអប់រំ ការផ្លាស់ប្តូរយុវជន និងទេសចរណ៍។ ក្នុងន័យនេះមេដឹកនាំកម្ពុជាថ្លែងថា ការអនុម័តឯកសារទាំងបួនត្រូវបានរំពឹងថានឹងនាំមកនូវសន្ទុះ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី នាពេលអនាគត។

ជាមួយគ្នាក្នុងពេលបរិយាកាសសកលលោកកាន់តែមានភាពមិនប្រាកដប្រជា សម្តេចធិបតី អំពាវនាវឱ្យបន្តគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ច និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមទាំងការអនុវត្តកម្មវិធីកិច្ចសហ ប្រតិបត្តិការគណៈកម្មការសេដ្ឋកិច្ចអាស៊ាន-អឺរ៉ាស៊ីសម្រាប់ឆ្នាំ២០២៦-២០៣០។ លើសពីនេះសម្តេចធិបតី បានស្នើឱ្យចាប់ផ្តើមឡើងវិញនៃការពិភាក្សា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្របខ័ណ្ឌតំបន់ និងតំបន់រវាង អាស៊ាន និងសហភាពសេដ្ឋកិច្ចអីរ៉ាស៊ី ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងភាពធន់ផ្នែកសេដ្ឋកិច្ច។

សូមជម្រាបថា កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទីថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ី បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងជាកង្វល់រួម ដោយអះអាងអំពីបំណងក្នុងការកសាងពិភពលោកពហុប៉ូលប្រកបដោយយុត្តិធម៌ ផ្អែកលើច្បាប់អន្តរជាតិ ក៏ដូចជាគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកំពូលនេះ បានអនុម័តឯកសារចំនួន៤ សំខាន់ៗ។ ក្នុងនោះរួមមាន៖ ១.សេចក្តីថ្លែងការណ៍ទីក្រុងកាហ្សានឆ្នាំ២០២៦ស្តីពី«អាស៊ាន-រុស្ស៊ី៖ ឯកភាពក្នុងពហុភាព៣៥ឆ្នាំស្ថិតនៅរួមជាមួយគ្នា»។ .សេចក្តីប្រកាសរួមអាស៊ាន-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល។ សេចក្តីប្រកាសរួមអាស៊ាន-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និង .ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហព័ន្ធរុស្ស៊ីឆ្នាំ២០២៦-២០៣០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត