បញ្ចេញតាមមតិបណ្តាញសង្គម បុរសថៃម្នាក់ត្រូវតុលាការកាត់ទោសឱ្យជាប់គុក១៨ខែ ពីបទប្រមាថស្តេច
N
Nary Vann
2 ម៉ោងមុន

រាជធានីបាងកក៖ តុលាការថៃ បានសម្រេចផ្តន្ទាទោសបុរសអាយុ៤៣ម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទប្រមាថព្រះមហាក្សត្រ ជុំវិញការបញ្ចេញមតិនៅក្នុងក្រុមហ្វេសប៊ុក (Facebook Group) ឈ្មោះ Royalist Marketplace ដែលសមាជិកជាង២,២លាននាក់ និងជាក្រុមជជែកដេញដោលអំពីរបបរាជានិយម។ នេះបើយោងតាមការបញ្ជាក់ពីក្រុមសិទ្ធិមនុស្ស នៅថ្ងៃសុក្រ ទី១៩មិថុនានេះ។

ដើមឡើយ តុលាការបានកាត់ទោសបុរសនោះឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ ប៉ុន្តែដោយសារតែជនជាប់ចោទបានសារភាពកំហុស ទើបតុលាការសម្រេចបន្ថយទោសឱ្យពាក់កណ្តាលមកត្រឹម១ឆ្នាំកន្លះ ឬ១៨ខែវិញ ហើយបច្ចុប្បន្ន រូបគេត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នដោយដាក់ប្រាក់តម្កល់១សែនបាត (ប្រហែល ២៧០០ដុល្លារ) ដើម្បីរង់ចាំការប្តឹងឧទ្ធរណ៍។ ប្រទេសថៃមានច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុត ដែលអ្នកល្មើសអាចប្រឈមមុខនឹងការជាប់គុកហូតដល់១៥ឆ្នាំ ខណៈក្រុមអ្នករិះគន់យល់ថា ច្បាប់នេះត្រូវបានគេយកមកប្រើប្រាស់ដើម្បីបំបិទមាត់អ្នកមានគំនិតផ្ទុយពីស្រទាប់ដឹកនាំ។

ក្រុម Royalist Marketplace បានក្លាយជាវេទិកាមួយសម្រាប់ជជែកដេញដោលអំពីព្រះមហាក្សត្រ។ គួរបញ្ជាក់ថា ក្រុមហ្វេសប៊ុកមួយនេះបានចាប់ផ្តើមមានសកម្មភាពខ្លាំង បន្ទាប់ពីមានចលនាបាតុកម្មដឹកនាំដោយក្រុមយុវជនកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលកាលនោះ ក្រុមបាតុករបានទាមទារឱ្យមានការកែទម្រង់ស្ថាប័នព្រះមហាក្សត្រ និងកែប្រែច្បាប់ប្រមាថនេះ។ យោងតាមទិន្នន័យពីក្រុមសិទ្ធិមនុស្ស គិតចាប់តាំងពីឆ្នាំ២០២០មក មានមនុស្សសរុប២៩១នាក់ហើយ ដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ហើយក្នុងនោះ យ៉ាងហោចណាស់១៧នាក់ ត្រូវបានកាត់ទោសដោយសារតែការបញ្ចេញមតិនៅក្នុងក្រុម Royalist Marketplace នេះផ្ទាល់តែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត