
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងបេឡារុស និងបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យជាច្រើនទៀត ពិសេស វិស័យការពារជាតិ…។

សម្ដេចមានប្រសាសន៍ដូច្នេះក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុសប្រចាំកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងជំនួបជាមួយសម្ដេចតេជោ ឯកអគ្គរដ្ឋទូតបេឡារុស បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលមានជាយូរមកហើយ និងបានអះអាងថា កម្ពុជា-បេឡារុស មានគោលដៅស្រដៀងគ្នា ដូច្នេះ ប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំ។ លោកលើកឡើងបន្ថែមទាក់ទងនឹងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា ក្នុងនោះ ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។

ឯកអគ្គរដ្ឋទូតបេឡារុស គូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង ខណៈបេឡារុស មានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្មតែម្ដង។ បេឡារុស ក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុសក៏អាចមកទស្សនានៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងកម្ពុជា និងបេឡារុស។ សម្ដេចសង្កត់ធ្ងន់ថា៖ «ប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាបន្ថែមទៀត ធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ»។ ក្នុងឱកាសនោះ សម្ដេចតេជោក៏បានជូនពរលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ ឱ្យបំពេញបេសកកម្មការងារនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕





