
រាជធានីភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី បេនណេឌីកតេ (Benedikte) នៃព្រះរាជាណាចក្រដាណឺម៉ាក បានផ្ញើសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា និងសម្រាប់ឆ្នាំថ្មីខាងមុខ...។

សារលិខិតចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក មានព្រះរាជបន្ទូលថា៖«ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅបំផុត និងសូមក្រាបថ្វាយព្រះពរជ័យ បវរមហាប្រសើរ ថ្វាយព្រះអង្គ។ សូមឱ្យថ្ងៃដ៏វិសេសវិសាលនេះ ប្រកបដោយព្រះរាជហឫទ័យសប្បាយរីករាយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រមទាំងទទួលបាននូវសេចក្តីស្រឡាញ់ដ៏កក់ក្ដៅពីព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រកម្ពុជាទាំងមូល ដែលជានិច្ចកាលតែងតែបង្ហាញនូវសេចក្ដីកោតសរសើរ និងការគោរពដ៏ស្មោះស្ម័គ្រយ៉ាងពិតប្រាកដ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត»។

ក្នុងសារលិខិតដដែល ព្រះអង្គម្ចាស់ក្សត្រី បេនណេឌីកតេ បន្តមានព្រះរាជបន្ទូលដោយសេចក្តីសោមនស្សរីករាយក្រៃលែង ស្របពេលដែលបណ្តាមិត្តភក្តិ និងសហការីទាំងអស់ បានជួបជុំគ្នាក្នុងកិច្ចប្រជុំមហាសន្និបាតពិភពលោក និងកិច្ចប្រជុំមហាសន្និបាតនៃសហគមន៍ Olave Baden-Powell Society (OB-PS)។ ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក បង្ហាញក្ដីសង្ឃឹមថា សារលិខិតនេះ នឹងក្លាយជាអនុស្សាវរីយ៍ តំណាងឱ្យសេចក្តីគោរពរាប់អាន និងមិត្តភាពដ៏ជ្រាលជ្រៅបំផុត ព្រះអង្គមានចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។

សូមជម្រាបថា ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រីកម្ពុជា ស្របពេលសហគមន៍ «The Olave Baden-Powell Society (OB-PS)» ដែលជាបណ្តាញសប្បុរសជន និងអ្នកគាំទ្រសកលរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) បានសម្រេចថ្វាយ «ពានសមាជិកភាពជើងឯក» ជូនដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដើម្បីសម្ដែងការទទួលស្គាល់ និងថ្លែងអំណរព្រះគុណចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យសប្បុរសដ៏ថ្លៃថ្លា ក្នុងការគាំទ្រការអភិវឌ្ឍកុមារី យុវតី និងស្ត្រីវ័យក្មេង តាមរយៈចលនាកាយឫទ្ធិនារីទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ។

ការថ្វាយនូវ «ពានសមាជិកភាពជើងឯក» នាពេលនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ជាសកល ចំពោះព្រះរាជបេសកកម្ម និងព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលទ្រង់តែងយកព្រះទ័យទុកដាក់ ជ្រោមជ្រែង និងព្រះរាជទានទ្រព្យសម្បត្តិផ្ទាល់ព្រះកាយ ក្នុងនាមជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីគាំទ្រដល់ការអប់រំ ការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបង្កើតឱកាសសម្រាប់កុមារី និងយុវតីជំនាន់ក្រោយ៕





