
សហព័ន្ធរុស្ស៊ី៖ ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយរបស់រុស្ស៊ី បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ខណៈដែលមើលឃើញសក្តានុពលនៃកំណើនសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា។ នាយកផ្នែកនាំចេញ លោក Dolgov Leonid បានបង្ហាញចំណាប់អារម្មណ៍នេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឯទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦..។

ក្នុងជំនួបលោក Dolgov Leonid បានជម្រាបជូនសម្តេចធិបតីអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនGAZ Group ដែលមានបទពិសោធប្រមាណ ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត។ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រចំនួន ១៥កន្លែង នាំចេញផលិតផលទៅកាន់ប្រទេសចំនួន៤៣ និងមានបណ្តាញតំណាងចែកចាយប្រមាណ ២៤០កន្លែងនៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះផលិតយានយន្តជាច្រើនប្រភេទ រួមមានរថយន្តពាណិជ្ជកម្ម រថយន្តដឹកទំនិញខ្នាតមធ្យម រថយន្តក្រុង រថយន្តសង្គ្រោះបន្ទាន់ និងគ្រឿងបន្លាស់យានយន្ត។ លោកនាយកផ្នែកនាំចេញរូបនេះ បញ្ជាក់បន្ថែមថា ដោយសារក្រុមហ៊ុនកំពុងពង្រីកប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន និងមើលឃើញការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចកម្ពុជា ទើបក្រុមហ៊ុនមានបំណងសិក្សាលទ្ធភាពវិនិយោគក្នុងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុន GAZ Group និងបានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិនិយោគិនបរទេស។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគលើការផលិតខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) សម្រាប់គាំទ្រដល់ប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់ស្របតាមយុទ្ធសាស្ត្រ«Plus 1 Strategy» ដែលកម្ពុជាកំពុងជំរុញ។ ទន្ទឹមគ្នាសម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាឱកាសវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជានាពេលអនាគត៕






