ព្រះវររាជមាតាជាតិ ព្រះរាជទាន២ម៉ឺនដុល្លារជួយជនរងគ្រោះដោយសារទឹកជំនន់
អុន សម្ផស្ស
03 តុលា 2025 05:00 PM

រាជធានីភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់…។

សម្តេច គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជទ្រព្យ២ម៉ឺនដុល្លារនេះ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយជនរងគ្រោះបណ្ដាលមកពីទឹកជំនន់ នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស។ នេះបើតាមព័ត៌មានបង្ហោះលើហ្វេសប៊ុករបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ។

ទទួលបានព្រះរាជទាននេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះមហាក្សត្រី តែងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា ដែលប្រជារាស្ត្រមានទុក្ខលំបាកដោយគ្រោះធម្មជាតិផ្សេងៗ។

គួរជម្រាបថា ដោយសារទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ ខេត្តជាច្រើនរបស់កម្ពុជា បានរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខេត្តដែលប្រឈម និងបានរងគ្រោះដោយទឹកជំនន់ រួមមាន៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយក្នុងនោះ ប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ខណៈមួយជំនួន ត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត