
រាជធានីភ្នំពេញ៖ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ប្រជារាស្ត្រខ្មែរ ដែលបាននិងកំពុងរងទុក្ខដោយការឈ្លានពានរបស់ចោរសៀម ពេលនេះ សម្ដេចហ្លួងម៉ែ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន២ម៉ឺនដុល្លារអាម៉េរិក ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ..។

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះវររាជមាតាជាតិខ្មែរ នាំយកព្រះរាជទាននេះប្រគល់ជូន លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី៤កញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសប្រគល់ព្រះរាជទ្រព្យដ៏ថ្លៃថ្លានោះ សម្តេច គុយ សុផល បានជម្រាបជូនព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលកំពុងបម្រើការងារបោសសម្អាតមីនយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែន។

លោក ហេង រតនា នៅយប់ថ្ងៃទី៤កញ្ញា បានថ្វាយនូវសេចក្ដីថ្លែងអំណរព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះវររាជមាតាជាតិខ្មែរ។ លោកអគ្គនាយក ស៊ីម៉ាក់ បន្ថែមថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រី នាពេលនេះ ក៏ដូចជាពេលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ជាពិសេស គាំទ្រដល់ការងារបន្ទាន់ចំពោះមុខរួមមាន៖ ការផ្ដល់ការអប់រំយល់ដឹងពីមីន ជូនប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេលប្រាំថ្ងៃ ក្នុងខែកក្កដា។ មួយវិញទៀត ព្រះរាជអំណោយទាំងនេះ និងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីឱ្យប្រជារាស្ត្រកំពុងស្នាក់នៅជំរុំភាសសឹក អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា តាមរបាយការណ៍បឋមគិតត្រឹមថ្ងៃទី១៨សីហា មន្រ្តីនៃអង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកដែលថៃទម្លាក់មករួមមាន៖ ប្រភេទ MK គ្រាប់បែកចង្កោម និងគ្រាប់បែកផ្សែង ក្នុងខេត្តឧត្តរមានជ័យ មានចំនួនសរុបប្រមាណ១៥៤៩គ្រាប់។ ក្នុងនោះប្រភេទគ្រាប់គ្រួសារ MK-៨១-៨២-៨៣-៨៤ មានចំនួន១០គ្រាប់ ផ្ទុះចំនួន៤គ្រាប់ និង៦គ្រាប់ទៀតមិនទាន់ផ្ទុះ ខណៈតំបន់មួយចំនួនទៀត អង្គភាពស៊ីម៉ាក់ នៅមិនទាន់អាចចុះទៅវាយតម្លៃបាននៅឡើយ។ តាមមន្ត្រីជំនាញ វាយតម្លៃថា គ្រាប់ទាំងនោះនឹងជះឥទ្ធិពលរយៈពេលវែងដល់ពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទោះបីការប្រយុទ្ធរវាងប្រទេសទាំងពីរ បានបញ្ជប់ទៅហើយក៏ដោយ៕








