
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានផ្ញើសារអបអរសាទរទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងឱកាសទិវាជាតិរបស់រុស្ស៊ី ដោយបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយក្នុងស្រុក និងក្រៅស្រុករបស់រដ្ឋធានីម៉ូស្គូ...។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃទី១២មិថុនានេះ លោក គីម បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី កំពុងពង្រឹងខ្លួនទៅជាសម្ព័ន្ធភាពយ៉ាងរឹងមាំ ដោយផ្អែកលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយលោកបានប្តេជ្ញាថា នឹងឈរប្រកៀកស្មាជាមួយប្រទេសរុស្ស៊ីជានិច្ច។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅ និងស្អិតល្មួតខ្លាំងឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅជួយគាំទ្រសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ ទោះបីជារដ្ឋធានីម៉ូស្គូ និងរដ្ឋធានីព្យុងយ៉ាង បានបដិសេធចំពោះការផ្ទេរអាវុធយ៉ាងណាក្ដី ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៅរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីសេអ៊ូល នៅតែបន្តចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងសម្ភារយោធាផ្សេងៗទៀតជាច្រើនសម្រាប់ប្រើប្រាស់ក្នុងសមរភូមិអ៊ុយក្រែន។

គួររំឭកផងដែរថា ប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រនេះ ក្នុងអំឡុងពេលលោក ពូទីន ធ្វើទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលនៅក្នុងនោះពួកគេក៏បានព្រមព្រៀងគ្នា ស្ថាបនាស្ពានដ៏សំខាន់មួយ ដើម្បីតភ្ជាប់ប្រទេសទាំងពីរផងដែរ។ ក្រុមអ្នកវិភាគ បានលើកឡើងថា ស្ពានប្រវត្តិសាស្ត្រនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៩ ខែមិថុនាខាងមុខ អាចនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង និងផ្តល់ឱកាសបន្ថែមសម្រាប់កូរ៉េខាងជើង ក្នុងការគេចវេះពីទណ្ឌកម្មអន្តរជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕



