មិនចោលចរិត! សមាជិកព្រឹទ្ធសភាបែរជាប្រកាសថា ថៃមិនទទួលស្គាល់យន្តការអង្គការសហប្រជាជាតិ ក្រោយដឹងខ្លួនចាញ់ប្រៀបកម្ពុជា
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីបាងកក៖ ក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលថៃ កាន់តែលេចចេញឡើង បន្ទាប់ពីកម្ពុជាបានសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (ឬ UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្ទ។ ប៉ុន្តែ ពេលនេះ ប្រធានគណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាថៃ បែរជាចេញមុខមកស្រែកក្តែងៗថា រាល់ការសម្រេច ឬអនុសាសន៍អន្តរជាតិនោះ គឺគ្មានតម្លៃផ្លូវច្បាប់ឱ្យថៃអនុវត្តតាមឡើយ។ នេះជាទង្វើដ៏គឃ្លើនរបស់ថៃ ដែលមិនគោរពច្បាប់ទម្លាប់អន្តរជាតិនៅពេលដឹងខ្លួនថាចាញ់ប្រៀបកម្ពុជា

សមាជិកព្រឹទ្ធសភា លោក ណប់ផាឌុល អិនណា (Nophadol In-na) ប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃ ដែលកំពុងសិក្សាពីផលប៉ះពាល់នៃការលុបចោលអនុស្សរណៈឆ្នាំ២០០០ និងអនុស្សរណៈឆ្នាំ២០០១ បានរលាស់អណ្តាតទាំងព្រហើន កាលពីថ្ងៃអាទិត្យទី១៤ ខែមិថុនាថា យន្តការផ្សះផ្សាដោយចាប់បង្ខំនេះ នឹងមិនផ្ដល់អំណាចសម្រេចចិត្តទៅឱ្យភាគីទី៣ ឬទៅជំនួសការចរចាទ្វេភាគីរវាងប្រទេសទាំង២នោះឡើយ។ លោកបន្តថា កន្លងមក ថៃ និងកម្ពុជាបានព្រមព្រៀងគ្នារួចហើយ ក្នុងការមិនយកជម្លោះដែនសមុទ្ទនេះទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តុលាការច្បាប់សមុទ្ទអន្តរជាតិ (ITLOS) ឬក្រុមអាជ្ញាកណ្ដាលកាត់សេចក្តីនោះទេ។ លោក ណប់ផាឌុល លើកឡើងទាំងងងើលទៀតថា ៖«ក្រោមនីតិវិធីនេះ ប្រទេសទាំង២ត្រូវតែងតាំងតំណាងដោយខ្លួនឯងចំនួន២រូបរៀងៗខ្លួន ដើម្បីបង្កើតជាគណៈកម្មាធិការពិនិត្យមើលជម្លោះ និងស្វែងរកដំណោះស្រាយ»។

លោក នព្វដន អិនណា
លោក នព្វដន អិនណា

សមាជិកព្រឹទ្ធសភាថៃរូបនេះ បានគូសបញ្ជាក់ថា យន្តការមួយនេះធ្លាប់ត្រូវបានយកមកប្រើប្រាស់តែម្ដងគត់ក្នុងប្រវត្តិសាស្ត្រ គឺនៅក្នុងជម្លោះរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ដែលកាលណោះការសម្រុះសម្រួលបានដើរទន្ទឹមគ្នាជាមួយនឹងកិច្ចចរចាទ្វេភាគី។ លោកបន្ថែមថា ករណីរបស់ថៃ និងកម្ពុជា អាចនឹងក្លាយជាករណីទី២នៅលើពិភពលោក ដែលប្រើប្រាស់នីតិវិធីនេះ ប៉ុន្តែទោះជាយ៉ាងណា ភាគីថៃនៅតែផ្តល់អាទិភាពខ្ពស់លើការចរចាទ្វេភាគីដដែល។ «រាល់អនុសាសន៍ ឬដំណោះស្រាយទាំងឡាយដែលលើកឡើងដោយគណៈកម្មាធិការសម្រុះសម្រួល គឺមិនមានលក្ខណៈបង្ខំឱ្យអនុវត្តតាមច្បាប់នោះទេ ហើយប្រទេសថៃមានសិទ្ធិសេរីភាពពេញលេញក្នុងការបដិសេធរាល់សំណើណា ដែលខ្លួនយល់ថាផ្ទុយនឹងផលប្រយោជន៍ជាតិរបស់ខ្លួន» នេះជាសម្តីដ៏ជម្លើយចេញមាត់សមាជិកព្រឹទ្ធសភាថៃ។

សូមបញ្ជាក់ឡើងវិញបន្តិថា ថៃបានហែកចោលកិច្ចព្រមព្រៀងព្រំដែនទឹក (ឬ MoU ២០០១) ជាឯកតោភាគី និងតាមទំនើងចិត្តកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ លើសពីនេះ ក្រុមព្រឹទ្ធសភាថៃ ក៏បានបន្តរុញស្ថានការណ៍ព្រំដែនឱ្យកាន់តែស្មុគស្មាញ ដោយបង្ខំឱ្យរាជរដ្ឋាភិបាលថៃខ្លួនឯងលុបចោលកិច្ចព្រមព្រៀងព្រំដែនគោក (ឬ MoU ២០០០) មួយបន្ថែមទៀត ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត