
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញមកបញ្ជាក់ដើម្បីជម្រះមន្ទិលមហាជនថា បដិមា៤អង្គ ដែលពលរដ្ឋជីកបាននៅខេត្តកំពង់ធំ គឺជាវត្ថុបុរាណពិតប្រាកដ «ក្នុងសម័យអង្គរ និងក្រោយសម័យអង្គរ»។

មិនមែនតែបដិមា៤នោះទេ វត្ថុបុរាណទាំងនេះ មានដល់ទៅ៨ រួមមាន បដិមា៤ កងដៃ៣ និងគម្របភាជន៍១។ កាលពីថ្ងៃទី១៦ ខែមិថុនា សារមនី្ទរជាតិកម្ពុជា បានទទួលវត្ថុសិល្បៈទាំង៨នេះ ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ដើម្បីយកទៅសិក្សា និងវាយតម្លៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នាយកដ្ឋានសារមន្ទីរ លើកឡើងថា បន្ទាប់ពីទទួលបានវត្ថុសិល្បៈទាំងនោះ ក្រុមការងារ បានពិនិត្យវាយតម្លៃយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល ក្រុមការងារជំនាញ បានសន្និដ្ឋានថា វត្ថុសិល្បៈទាំងនេះ គឺជាវត្ថុបុរាណពិតប្រាកដ។

វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅក្នុងរោងជាងជួសជុលលោហៈនៃសារមនី្ទរជាតិកម្ពុជា ដើម្បីអភិរក្ស និងជួសជុល មុននឹងរៀបចំដាក់តាំងជូនដល់សាធារណជនទស្សនា។ វត្ថុបុរាណទាំងនេះ បង្ហាញពីតម្លៃដ៏មហាសាលនៃបេតិកភណ្ឌជាតិខ្មែរ។ មុនដំបូង មានការអះអាងពីមជ្ឈដ្ឋានខ្លះថា វត្ថុបុរាណទាំងនេះ ពិសេសបដិមាទាំង៤អង្គ មិនមែនជាវត្ថុបុរាណពិតនោះទេ តែត្រូវបានចម្លងពីវត្ថុបុរាណ ហើយទើបនឹងមានអាយុកាលពី២០០ ទៅ៣០០រយឆ្នាំប៉ុណ្ណោះ៕








