ចៅហ្វាយខេត្តក្រចេះ អំពាវនាវឱ្យរួមគ្នាបន្តអភិរក្សសត្វផ្សោតដែលជា«និមិត្តរូបទេសចរណ៍»
S
Sreyleak Yith
9 ម៉ោងមុន


ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដាស់តឿនឱ្យបញ្ឈប់ការនេសាទខុសច្បាប់គ្រប់ប្រភេទ និងងាកទៅប្រកបមុខរបរស្របច្បាប់ផ្សេងៗ។ ជាមួយគ្នា លោកអំពាវនាវឱ្យរួមគ្នាថែរក្សា និងអភិរក្សសត្វផ្សោតឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

លោកចៅហ្វាយខេត្ត ណែនាំបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាឧបត្ថម្ភជូនមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច និងឆ្មាំការពារសត្វផ្សោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ លោក គូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ជាកត្តាសំខាន់ក្នុងការការពារជីវចម្រុះ និងធនធានធម្មជាតិនៅតាមដងទន្លេមេគង្គ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ដែលជានិមិត្តរូបទេសចរណ៍ខេត្តក្រចេះ។ ជាមួយគ្នា លោកថ្លែងអំណរគុណដល់មន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច និងឆ្មាំការពារសត្វផ្សោត ដែលបានខិតខំបំពេញភារកិច្ចការពារ អភិរក្សសត្វផ្សោត និងបង្ក្រាបបទល្មើសនានាតាមដងទន្លេមេគង្គ រហូតធ្វើឱ្យចំនួនសត្វផ្សោតនៅក្នុងខេត្តមានការកើនឡើងជាបន្តបន្ទាប់។

សូមជម្រាបថា សត្វផ្សោតទន្លេមេគង្គត្រូវបានចុះក្នុង «បញ្ជីក្រហម» នៃសត្វជិតផុតពូជដោយអង្គការអន្តរជាតិសម្រាប់ការអភិរក្សធនធានធម្មជាតិ (IUCN)។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានសត្វផ្សោតទឹកសាបដ៏កម្ររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទ កំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា៕ រាយការណ៍ដោយ៖ លោក សារីណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត