
ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយរកឃើញឡធ្យូងជិត១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្បែរតំបន់ការពារធម្មជាតិ ក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ព័ត៌មានលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន បានឱ្យដឹងថា ឡធ្យូងគ្មានច្បាប់អនុញ្ញាតជាកត្តាចម្បងមួយ ដែលនាំឱ្យមានការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

អាជ្ញារធរនឹងបន្តទប់ស្កាត់ មិនឱ្យមានឡធ្យូងខុសច្បាប់ទៀតទេ។ ក្រសួងសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការដាំពង្រីកគម្របបៃតងក្នុងសហគមន៍ ដើម្បីបរិស្ថានស្រស់ស្អាត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នា ក្រសួងបរិស្ថាន ប្រកាសជាថ្មីថា បន្តដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងតាមដានការទន្ទ្រានដីព្រៃឈើតាមរយៈរូបភាពផ្កាយរណប និងដ្រូន៕



