
ក្រុងប៉ោយប៉ែត៖ ករណីក្រុមហ៊ុនទឹកស្អាត អានកូ (Anco Water Supply) ផ្គត់ផ្គង់ទឹកកខ្វក់ មានពណ៌ល្អក់ និងមានក្លិនស្អុយ តែងតែបង្កឱ្យមានការមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.....។

ពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត លើកឡើងថា «ពួកយើងបង់លុយថ្លៃទឹកស្អាតរាល់ខែ មិនមែនប្រើទទេនោះទេ តែទឹកដែលទទួលបានមកវិញ គឺកខ្វក់ខ្លាំង និងធំក្លិនស្អុយទទួលយកមិនបានតែម្ដង»។ អ្វីដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបាននោះ គឺទឹកមានធុំក្លិនស្អុយខ្លាំង ដែលមិនត្រឹមតែមិនអាចយកមកដាំស្ល ឬងូតបាននោះទេ សូម្បីតែយកទៅបោកសម្លៀកបំពាក់ ក៏បង្កឱ្យមានក្លិនមិនល្អ និងខូចសាច់ក្រណាត់ផងដែរ។ ជាមួយគ្នា មានពលរដ្ឋ រាយការណ៍តាមប្រអប់សារទំព័រហ្វេសប៊ុកអង្គភាពសារព័ត៌មាន SBM News នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ ថា ទឹកដែលហូរចេញពីក្បាលរ៉ូប៊ីណេ មានសភាពល្អក់ កខ្វល់ និងមានពណ៌ស្រដៀងទឹកភក់។

បញ្ហាទាំងអស់នេះ កំពុងផ្តល់ការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុខភាព ជាពិសេសប៉ះពាល់ដល់កុមារតូចៗដែលអាចប្រឈមនឹងជំងឺសើស្បែក ឬជំងឺផ្សេងៗ។ បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត សូមអំពាវនាវដល់អាជ្ញាធរ និងក្រុមហ៊ុនទឹកស្អាត អានកូ មេត្តាចាត់បុគ្គលិកជំនាញ ចុះពិនិត្យប្រព័ន្ធបច្ចេកទេសចែកចាយទឹករបស់ខ្លួនជាបន្ទាន់ ដើម្បីកែលម្អគុណភាពទឹកជូនប្រជាពលរដ្ឋ៕



