ថៃចុះកិច្ចព្រមព្រៀងទិញនាវាចម្បាំង តម្លៃជាង៥០០លានដុល្លារ
ហៀប ស៊ីថេត
7 ម៉ោងមុន

រាជធានីបាងកក៖ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាច់ រតនជ័យភណ្ឌ (Parach Rattanachaiyapan) បានថ្លែងនៅថ្ងៃទី១៦ ខែមិថុនា ថា កងទ័ពជើងទឹកភូមិន្ទថៃនឹងបញ្ចប់ការវាយតម្លៃលើការបញ្ជាទិញនាវាចម្បាំងប្រភេទ ហ្វ្រ៊ីហ្កេតថ្មី (Frigate) ក្នុងពេលឆាប់ៗនេះ ខណៈដំណើរការពិនិត្យឡើងវិញបានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ...។

លោក ប៉ារ៉ាច់ រតនជ័យភ័ណ្ឌ
លោក ប៉ារ៉ាច់ រតនជ័យភ័ណ្ឌ

គណៈកម្មការអ្នកជំនាញថៃ កំពុងវាយតម្លៃលើសំណើដេញថ្លៃ ដោយផ្អែកលើតម្រូវការប្រតិបត្តិការ វិស្វកម្ម ប្រព័ន្ធអាវុធ ទំនាក់ទំនង ការគាំទ្រផ្នែកភស្តុភារ និងតម្លៃសមស្រប។ ដំណើរការលទ្ធកម្មនេះត្រូវបានធ្វើឡើងនៅក្រោម«កិច្ចព្រមព្រៀងភាពស្មោះត្រង់ (Integrity Pact)» ដោយមានអ្នកសង្កេតការណ៍មកពីអង្គការប្រឆាំងអំពើពុករលួយ ចូលរួមតាមដានត្រួតពិនិត្យដំណើរការទាំងមូលផងដែរ។ លោក ប៉ារ៉ាច់ លើកឡើងថា គណៈកម្មការកំពុងត្រួតពិនិត្យឡើងវិញនូវរាល់សំណើទាំងអស់ ដោយផ្អែកលើទិន្នន័យបច្ចេកទេស ភស្តុតាង និងផលប្រយោជន៍ជាតិ ដើម្បីធានាថា កងទ័ពជើងទឹកភូមិន្ទថៃនឹងទទួលបាននាវាចម្បាំង ដែលអាចឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការ និងគាំទ្រដល់តម្រូវការសន្តិសុខដែនសមុទ្ទរយៈពេលវែងរបស់ប្រទេសថៃ។

នាវាហ្វ្រ៊ីហ្កេតនេះ ត្រូវបានបញ្ជាទិញក្រោមគម្រោងថវិកាចំនួន ១៧,៥ពាន់លានបាត ឬ ប្រហែល ៥៣៥លានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័តសម្រាប់ឆ្នាំថវិកា២០២៦។ គម្រោងនេះគឺជាផ្នែកមួយនៃផែនការមេដ៏ធំរបស់កងទ័ពជើងទឹកភូមិន្ទថៃ ក្នុងការបញ្ជាទិញនាវាថ្នាក់ហ្វ្រ៊ីហ្កេតចំនួន២គ្រឿង ដែលមានតម្លៃសរុបរួមគ្នា រហូតដល់ទៅ ៣៥ពាន់លានបាត ឬស្មើជាង ១ពាន់លានដុល្លារ។ មានក្រុមហ៊ុនសាងសង់នាវាបរទេសចំនួន៦ បានដាក់ពាក្យដេញថ្លៃសម្រាប់កិច្ចសន្យាមួយនេះ រួមមាន៖ ក្រុមហ៊ុន Hyundai Heavy Industries និងក្រុមហ៊ុន Hanwha Ocean របស់ប្រទេសកូរ៉េខាងត្បូង, ក្រុមហ៊ុន ST Engineering របស់ប្រទេសសិង្ហបុរី, ក្រុមហ៊ុន Navantia របស់ប្រទេសអេស្ប៉ាញ, ក្រុមហ៊ុន ASFAT និងក្រុមហ៊ុន TAIS Shipyards របស់ប្រទេសតួកគី។ ទោះជាយ៉ាងណា កងទ័ពជើងទឹកថៃមិនទាន់បានកំណត់ក្រុមហ៊ុនណាមួយ និងត្រូវដំណើរការវាយតម្លៃលើបច្ចេកទេសបច្ចុប្បន្ននៅឡើយទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត