ឆ្មាំសន្តិសុខថៃម្នាក់ស្លា.ប់ និងម្នាក់ទៀតរបួ.ស ក្នុងហេតុការណ៍បំផ្ទុះគ្រា.ប់បែ.កនៅខេត្តប៉ាតានី
ហៀប ស៊ីថេត
2 ថ្ងៃមុន

រាជធានីបាងកក៖ អាជ្ញាធថៃរបានអះអាងថា សមាជិកនៃកងកម្លាំងសន្តិសុខមូលដ្ឋានម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកកែច្នៃតាមដងផ្លូវមួយ នៅក្នុងខេត្តប៉ាតានី នាថ្ងៃពុធទី១៧ ខែនិថុនានេះ ស្របពេលពួកគេកំពុងបំពេញភារកិច្ចជូនអ្នកញៀនថ្នាំម្នាក់ ទៅទទួលការបន្សាបនិងការព្យាបាល។

យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) និងប៉ូលីសមូលដ្ឋាន បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិឃ្លាំង (Klang) ស្រុកប៉ាណារ៉េ (Panare)។ ជនរងគ្រោះ គឺជាសមាជិកនៃកងកម្លាំងសន្តិសុខមកពីភូមិណុក (Nok)។ របាយការណ៍បឋមបាបង្ហាញងថា មន្ត្រីទាំង២រូបបានរងរបួសនៅក្នុងការផ្ទុះនោះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប៉ាណារ៉េភ្លាមៗ។ ក្រោយមក អាជ្ញាធរបានបញ្ជាក់ថា កងឆ្មាំម្នាក់ស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក ចំណែកម្នាក់ទៀតនៅតែបន្តសម្រាកព្យាបាលនៅឡើយ។

មន្ត្រីបានបន្តថា បុរសទាំង២រូបកំពុងបំពេញភារកិច្ចដឹកអ្នកញៀនថ្នាំម្នាក់ទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា ក្រោមការសម្របសម្រួលជាមួយមេភូមិមូលដ្ឋាន ក្រោយមកការវាយប្រហារនោះបានកើតឡើង។ អាជ្ញាធរសន្តិសុខថៃបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបំផ្ទុះគ្រាប់បែកនេះ ដោយព្រមានថា ការវាយប្រហារនេះមិនត្រឹមតែសំដៅលើមន្ត្រីរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំខានដល់កិច្ចប្រឹងប្រែងក្នុងគោលបំណងស្តារនីតិសម្បទាអ្នកញៀនថ្នាំ និងសុខុមាលភាពរបស់សហគមន៍ទាំងមូលផងដែរ។ បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីស្វែងរកមុខសញ្ញា និងកំណត់អត្តសញ្ញាណអ្នកដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហារដ៏ឃោរឃៅនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត