
រដ្ឋធានីប៉ារីស៖ កម្ពុជា បានជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ការបោះឆ្នោតនេះ រៀបចំឡើងក្នុងសម័យប្រជុំលើកទី១១នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចែករំលែងព័ត៌មានដ៏រីករាយនេះទាំងយប់ នៅម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុទ្ធតែបានចែករំលែកបន្តពីព័ត៌មាននេះ ដោយភ្ជាប់ជាមួយសារអបអរសាទរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដឹកនាំគណ:ប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមសម័យប្រជុំខាងលើ។ ប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា លោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ និងក្រុមការងារអន្តរក្រសួងមួយចំនួនទៀតរបស់កម្ពុជា ក៏មានវត្តមានក្នុងសម័យប្រជុំនេះដែរ៕




