លើកលែងទិដ្ឋាការឆ្នាំ២០២៦! ភ្ញៀវទេសចរចិន ចាប់ផ្តើមសម្រុកមកកម្ពុជា
អុន សម្ផស្ស
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថិតក្នុងបរិបទដែលកម្ពុជា កំពុងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ (Visa Free) សម្រាប់ប្រជាពលរដ្ឋចិនរយៈពេល១៤ថ្ងៃ ក្រុមហ៊ុន GZL International Travel Service Ltd ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេមួយរបស់ប្រទេសចិន បានរៀបចំដំណើរកម្សាន្តនាំភ្ញៀវទេសចរចិន មកស្វែងយល់ពីសម្រស់វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់កម្ពុជា...។ 

ក្រសួងទេសចរណ៍កម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា ភ្ញៀវទេសចរជើងដំបូងនេះបានចេញដំណើរពីទីក្រុងក្វាងចូវ (Guangzhou) តាមជើងហោះហើរ Air Cambodia ដោយបង្ហាញពីការឆ្លើយតបយ៉ាងវិជ្ជមានរបស់ទីផ្សារទេសចរណ៍ចិនចំពោះវិធានការសម្រួលការធ្វើដំណើររបស់កម្ពុជា។ ក្រសួងចាត់ទុកថា៖«ការមកដល់របស់ភ្ញៀវទេសចរនេះ គឺជាសញ្ញាល្អមួយសម្រាប់ការស្ដារ និងជំរុញកំណើនទីផ្សារទេសចរណ៍ចិន ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា»។ ប្រជាពលរដ្ឋចិនអាចចូលមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយអាចស្នាក់នៅរយៈពេល១៤ថ្ងៃ និងអាចចូលចេញបានច្រើនដង។

គោលនយោបាយលើកលែងទិដ្ឋាការឆ្នាំ២០២៦ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ ជាការកត់សម្គាល់ ការអនុវត្តគោលនយោបាយនេះ គឺជាជំហានសំខាន់មួយក្នុងការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍នៅក្នុងតំបន់ និងពិភពលោក ស្របពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមាននិរន្តរភាព និងប្រកួតប្រជែងកាន់តែខ្លាំង។ ការមកដល់របស់ក្រុមភ្ញៀវទេសចរចិនដំបូងក្រោមគោលនយោបាយថ្មីនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

សូមរំឭកថា តាមរបាយការណ៍ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនកើនឡើងប្រមាណ៤២ភាគរយ ខណៈក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចិន ក៏នៅបន្តឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត