កូរ៉េខាងត្បូងស្នើឱ្យលោក ត្រាំ ប្រើរូបមន្តសន្តិភាពមជ្ឈិមបូព៌ា មកដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង
N
Nary Vann
2 ថ្ងៃមុន

រដ្ឋធានីប៉ារីស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានស្នើសុំឱ្យប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើរតួនាទីនាំមុខក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេលនៃការពិភាក្សាក្រៅផ្លូវការដ៏ខ្លីមួយ នៅពេលលោកទាំង២ ទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង៧ ឬ G7 នៅបារាំង កាលពីថ្ងៃទី១៦ ខែមិថុនា។

លោក ដូណាល់ ត្រាំ និងលោក លី ជេម្យុង
លោក ដូណាល់ ត្រាំ និងលោក លី ជេម្យុង

អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា មេដឹកនាំទាំងពីរបានរៀបរាប់សួរសុខទុក្ខគ្នា ក្នុងកំលុងពេលថតរូបជុំគ្នារបស់ប្រធានាធិបតីនៃក្រុមប្រទេស G7 ដែលនៅក្នុងនោះលោក ត្រាំ បានឆ្លៀតសួរលោក លី ជេម្យុង អំពីស្ថានភាពចុងក្រោយនៃទំនាក់ទំនងអន្តរកូរ៉េ។ ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េខាងត្បូងបានជំរុញឱ្យលោក ត្រាំ ដឹកនាំដោះស្រាយវិបត្តិជាមួយរដ្ឋធានីព្យុងយ៉ាងដោយសន្តិវិធី ដូចដែលលោកទើបតែបានធ្វើជោគជ័យក្នុងការសម្របសម្រួលបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ហើយលោក ត្រាំ បានឆ្លើយតបវិញថា លោកនឹងខិតខំប្រឹងប្រែងធ្វើការលើបញ្ហាកូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នាចំនួន៣លើករួចមកហើយ រួមមានជំនួបកំពូលជាប្រវត្តិសាស្ត្រនៅសិង្ហបុរី តាំងឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយក្នុងឆ្នាំ២០១៩ និងនៅតំបន់គ្មានយោធា (DMZ) ក្នុងឆ្នាំ២០១៩ដដែល។ លោក ត្រាំ តែងតែបង្ហាញបំណងចង់ស្តារកិច្ចការទូតផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ឡើងវិញ ដោយកាលឆ្នាំ២០២៥កន្លងទៅ លោកបានប្រកាសថាចង់ជួបមេដឹកនាំកូរ៉េខាងជើងសាជាថ្មីនៅពេលសមស្របណាមួយ ហើយថ្មីនេះ លោកក៏ទើបតែបានបង្ហោះរូបថតអនុស្សាវរីយ៍ចាស់ជាមួយលោក គីម ជុងអ៊ុន នៅលើបណ្តាញសង្គម Truth Social ផងដែរ ដែលជាសញ្ញាបង្ហាញពីការរំលឹកដល់ទំនាក់ទំនងការទូតពីអតីតកាលរបស់ពួកគេ៕

  លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន
  លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត