ផ្សោតប្រភេទថ្មីមិនធ្លាប់កត់ត្រាទុកមួយក្បាល បានងា.ប់នៅក្នុងខេត្តកំពត
វុធ ច័ន្ទតារា
10 មិថុនា 2024 04:15 PM

ខេត្តកំពត៖ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្ទ នៃអង្គការអភិរក្សធនធានសមុទ្ទកម្ពុជា MCC កាលពីវេលាម៉ោង០៧:៣២ពេលព្រឹកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលព័ត៌មានអំពីការងាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាលនៅខេត្ដកំពត ...។

ភ្លាមៗ នាយ និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពត គណៈកម្មការសហគមន៍នេសាទ ត្រពាំងរពៅ ខេត្ដកំពត បានពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ ដែលជាលទ្ធផល ផ្សោតនេះជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង (Neophocaena phocaenoides) ជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួន២ប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ទរបស់ខេត្តកំពត។ បើតាមក្រុមការងាររអភិរក្ស វត្តមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្ទប្រទេសកម្ពុជានាពេលនេះ ជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្ទកម្ពុជាដែរ។

ក្រុមការងាររបច្ចេកទេសអះអាងថា នឹងបន្តសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលំទូលាយ និងលម្អិតបន្ថែម ហើយនឹងព្យាយាមការពារថនិកសត្វប្រភេទថ្មីនេះ។ សូមបញ្ជាក់ថា ផ្សោតដែលបានចុះបញ្ជីមានវត្តមាននៅកម្ពុជាចែកចេញជា២ប្រភេទ គឺផ្សោតប្រភេទក្បាលត្រឡោក និងផ្សោតឃ្លៀច ខណៈប្រភេទគ្មានព្រុយខ្នងនេះជាប្រភេទថ្មី និងមិនធ្លាប់ចុះបញ្ជីវត្តមាននៅដែនទឹកកម្ពុជានោះទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត