មន្ត្រីអភិរក្សសត្វផ្សោត សម្តែងការសោកស្ដាយ ក្រោយឃើញកូនផ្សោតមួយក្បាលងាប់នៅស្រុកចិត្របុរី
អាន ប៊ុនរ័ត្ននៈ
09 សីហា 2022 10:00 AM

(ខេត្តក្រចេះ)៖ កូនសត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ដែលមានចម្ងាយជាង១០គីឡូម៉ែត្រ ពីតំបន់អភិរក្សនៃរមណីយដ្ឋានអន្លង់ផ្សោតកាំពី កាលពីថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ...។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិកាំពី បានឱ្យដឹងថា មកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុដែលកូនសត្វផ្សោតខាងលើ ងាប់ដោយសារអ្វីនៅឡើយទេ។ ប៉ុន្តែប្រជាពលរដ្ឋបានដាក់ការសង្ស័យលើមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ ទៅលើក្រុមអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់ ដែលតែងលបលួចប្រើឧបករណ៍ហាមឃាត់ បង្កគ្រោះថ្នាក់ជារឿយៗដល់ដល់សត្វផ្សោត ដែលជាប្រភេទសត្វជិតផុតពូជនៅកម្ពុជា។ ទោះយ៉ាងណា ព័ត៌មាននៃការស្លាប់កូនសត្វផ្សោតនេះ ស្ថិតនៅក្នុងភាពស្រពិចស្រពិលឡើយ បើទោះបីមានការដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ជារឿងចម្បងក៏ដោយ។

មន្ត្រីអភិរក្សនៅតំបន់អន្លង់ផ្សោតកាំពី បានសម្តែកការសោកស្ដាយ និងកំពុងស៊ើបអង្គេតលើករណីស្លាប់កូនសត្វផ្សោតនេះជាបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់នេះ។ ប៉ុន្តែមន្ត្រីអភិរក្ស ក៏បានលើកឡើងពីការនេសាទរបស់បងប្អូនប្រជាពលរដ្ឋខិលខូចមួយចំនួន នៅតែបន្តប្រើឧបករណ៍ល្មើសច្បាប់ និងកំពុងបង្កការគំរាមកំហែង ដល់ការរស់រានរបស់ សត្វផ្សោតនៅ រមណីយដ្ឋានអន្លង់ផ្សោតកាំពី។ ជនខិលខូចទាំងនោះ បានប្រើឧបករណ៍ល្មើសច្បាប់រួមមាន៖ ទី១. ការដាក់មងខុសច្បាប់។ ទី២. ការប្រើប្រាស់ឧបករណ៍ឆក់ជាដើម។

សូមបញ្ជាក់ផងដែរថា សត្វផ្សោតទឹកសាបកម្ពុជា គឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ដែលមានអង្គការជាច្រើន បាននឹងកំពុងចូលរួមអភិរក្ស ក្នុងនោះរួមមាន៖ អង្គការ WWF សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា យ៉ាងជិតស្និទ្ធក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារ តែការនេសាទមួយចំនួន បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅរបស់សត្វផ្សោត ទើបធ្វើឱ្យពួកវាងាប់ជាបន្តបន្ទាប់...ដែលតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវមានភាពសកម្មលើការបង្ក្រាបបទល្មើសនេសាទ ឱ្យបានខ្លាំងក្លាជាងនេះ ដើម្បីការពារអភិរក្សសត្វដ៏កម្រមួយនេះបាន...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត