ចំនួនផ្សោតទឹកសាបកើនឡើង ផ្តល់សញ្ញាវិជ្ជមានសម្រាប់ថនិកសត្វដែលជិតផុតពូជមួយនេះ
វុធ ច័ន្ទតារា
02 កក្កដា 2024 02:30 PM

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយកាលពីថ្ងៃចន្ទទី០១កក្កដាថា ចំនួនសត្វផ្សោតទន្លេមេគង្គ បានកើនឡើងដល់ជាង១០០ក្បាលនៅក្នុងប្រទេសកម្ពុជា ដែលប្រការនេះ កំពុងបង្កើនក្ដីសង្ឃឹមសម្រាប់ថនិកសត្វជិតផុតពូជមួយប្រភេទនេះ...។

ទិន្នន័យក្នុងឆ្នាំ១៩៩៧​ បង្ហាញថា សត្វផ្សោតទន្លេមេគង្គមានចំនួន២០០ក្បាល ក្រោយមកវាបានបន្តធ្លាក់ចុះមកនៅត្រឹមតែ៨៩ក្បាល ក្នុងឆ្នាំ២០២០។ ការធ្លាក់ចុះនេះ ភាគច្រើនដោយសារតែការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក និងកាកសំណល់ប្លាស្ទិក។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម ឌិត ទីណា ឱ្យដឹងថា បច្ចុប្បន្នសត្វផ្សោតនៅកម្ពុជា មានចំនួន១០៥ក្បាល។ លោកថ្លែងបែបនេះ អំឡុងពិធីអបអរទិវាមច្ឆជាតិ ថ្ងៃទី១កក្កដា។ រដ្ឋមន្ត្រីរូបនេះបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ កូនសត្វផ្សោតថ្មីចំនួន៨ក្បាលត្រូវបានកត់ត្រា ប៉ុន្តែបានស្លាប់ទៅវិញចំនួនពីរក្បាលផងដែរ។ កាលពីឆ្នាំ២០២៣ មានកូនផ្សោតកើតថ្មី៨ក្បាលដូចគ្នា តែបានស្លាប់ទៅវិញអស់៥ក្បាល។ បើតាមឯកឧត្តម ឌិត ទីណា ក្រសួង​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​នេសាទ ​ការ​ផលិត និង​ចែកចាយ​ឧបករណ៍​នេសាទ​ដែល​បំផ្លាញ​ធនធានក្នុងទឹក​ធ្ងន់ធ្ងរ។

ឯកឧត្តម ឌិត ទីណា
ឯកឧត្តម ឌិត ទីណា

សូមជម្រាបថា សត្វផ្សោតទន្លេមេគង្គត្រូវបានចុះក្នុង «បញ្ជីក្រហម» នៃសត្វជិតផុតពូជដោយអង្គការអន្តរជាតិសម្រាប់ការអភិរក្សធនធានធម្មជាតិ (IUCN)។ អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀត បើតាមរបាយការណ៍របស់អង្គការដដែល ប្រមាណ៧០ភាគរយនៃផ្សោតនៅមានជីវិត គឺជាផ្សោតចាស់ មានអាយុច្រើនពិបាកក្នុងការបន្តពូជ។ ទីជម្រករបស់សត្វផ្សោត ក៏ត្រូវបានកាត់បន្ថយដោយសារការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ និងចិន និងការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្រិតទឹកក្នុងទន្លេមេគង្គ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត